សេដ្ឋកិច្ច

ព្រលានយន្ដហោះ​នៅ​ខេត្តបាត់ដំបង នឹងត្រូវ​អភិវឌ្ឍ​ទៅ​កម្រិត 4C

​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​កែលម្អ​ព្រលានយន្ដហោះ​វាល​បែក​ចាន នៅ​ខេត្តបាត់ដំបង​ឡើងវិញ ហើយ​លើក​កម្រិត​ទៅ 4C សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​និងវិនិយោគិន។​

​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បានលើកឡើង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តបាត់ដំបង​»​នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា​។​

​បើតាម​លោក សុខ លូ កម្រិត​ប្រភេទ 4C ដែល​ត្រូវ​កែលម្អ​ព្រលានយន្ដហោះ​វាល​បែក​ចាន​នេះគឺ​ស្មើនឹង​ទំហំ​ព្រលាន​យន្ដ​នៅ​ខេត្តសៀម​រាប​នាពេល​បច្ចុប្បន្ននេះ​។ ប៉ុន្ដែ​លោក​អភិបាលខេត្ត មិនទាន់​អាច​បញ្ជាក់បាន​ថា នឹង​បើក​ការដ្ឋាន​នៅពេលណា​នោះទេ ខណៈ​បច្ចុប្បន្ន​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល និង​រដ្ឋបាលខេត្ត កំពុង​ប្រជុំ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​។​

​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​កាលពី​ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ បានផ្ដល់​អនុសាសន៍​កែប្រែ​ព្រលានយន្ដហោះ​វាល​បែក​ចាន ទៅជា​ព្រលានយន្ដហោះ 4C ប៉ុន​ព្រលានយន្ដហោះ​ខេត្តសៀមរាប នាពេល​បច្ចុប្បន្ន​។ ប៉ុន្ដែ​ក្រោយមក​វិបត្តិ​ជំងឺ​កូ​វីដ យើង​មិនទាន់បាន​សិក្សា​ទេ តែ​ថ្មីៗ​នេះ ខាង​អាកាសចរណ៍​ស៉ី​វិល បាន​ប្រជុំ​ជាមួយ​ខេត្ត​ជាច្រើនលើក​ច្រើនសា​រហើយ ដោះស្រាយ​ផល​ប៉ះ​ពាល់ យើង​នឹង​បន្ដធ្វើ​កិច្ចការ​នេះ​»​។​

​លោក សុខ លូ បានបង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា នៅពេល​ព្រលានយន្ដហោះ​វាល​បែក​ចាន ត្រូវបាន​កែលម្អ​នឹង​បង្កលក្ខណៈ​ងាយ​ស្រួល​ក្នុងការ​ធ្វើដំណើរ​ទាំង​វិនិយោគិន និង​ភ្ញៀវទេសចរ ហើយ​រុញ​កំណើនសេដ្ឋកិច្ច​ខេត្តបាត់ដំបង​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​សូមជម្រាបថា ព្រលានយន្តហោះ​បាត់ដំបង (​ឬ​ព្រលានយន្តហោះ​វាល​បែក​ចាន​) ត្រូវបាន​បើក​ដំណើរការ​ដំបូង​អំឡុង​ឆ្នាំ​១៩៦៧ ប៉ុន្តែ​ក្រោយ​ការកាន់កាប់​អំណាច​របស់​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៥ ព្រលានយន្តហោះ​នេះ ត្រូវបាន​បិទទ្វារ​ទាំងស្រុង​រហូតមក​ដល់​ឆ្នាំ​១៩៧៩ ព្រលាន​យន្ត​បាត់ដំបង ត្រូវបាន​បើក​ដំណើរការ សម្រាប់​បម្រើការ​ហោះហើរ ក្នុង​វិស័យ​យោធា​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ មកដល់​ឆ្នាំ​១៩៩១ នៃ​ដំណើរ​ឆ្ពោះទៅរក​សន្តិភាព ព្រលានយន្តហោះ​បាត់ដំបង ត្រូវបាន​បិទ​ដំណើរ​យោធា​ទាំងស្រុង រហូតមកដល់​បច្ចុប្បន្ន និង​ក្លាយទៅជា​ទី​សម្រាក​លំហែកាយ នៃ​នាពេល​ល្ងាច របស់​ប្រជាពលរដ្ឋ​នៅ​ទី​រួម​ខេត្តបាត់ដំបង​៕​ដោយ៖ផាវី