សេដ្ឋកិច្ច

ចូលឆ្នាំ​ចិន​វៀតណាម​ភ្ញៀវទេសចរ​ទៅលេង​ខេត្តមណ្ឌលគិរី​មានការ​ធ្លាក់ចុះ

​មណ្ឌលគិរី​៖​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ទៅ​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី ជាង​១​ម៉ឺន​នាក់​ក្នុង​រយៈពេល​៤​ថ្ងៃ​។​ប៉ុន្តែ​ចំនួន​នេះ​មានការ​ថយចុះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។​

​ភ្ញៀវទេសចរ​ដែល​ទៅលេង​នៅតាម​គោលដៅ​សំខាន់ៗ​នោះ​មានដូចជា​ភ្នំ​ដោះ​ក្រមុំ ថតរូប​អនុស្សាវរីយ៍​នៅ​ចំណុច​រង្វង់​មូល​គោព្រៃ ទៅ​កម្សាន្ត​នៅ​សមុទ្រ​ឈើ និង​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​ដូចជា​ទឹកជ្រោះ​បូ​ស្រា​ជាដើម​។

​លោក ស៊ា​ង សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​រាយការណ៍​ថា​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១-២៤ ខែមករា ឆ្នាំ​២០២៣ ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម ខេត្តមណ្ឌលគិរី មាន​អ្នកទេសចរ​សរុប ១៤,៣៥៦​នាក់ ថយចុះ ១០,០៨% ប្រៀបធៀប​ឆ្នាំ​២០២២ មាន​ចំនួន​១៥,៩៦៧​នាក់ ក្នុងនោះ​ទេសចរ​ជាតិប្រមាណ ១៤,១៣៩​នាក់ ថយចុះ ១០,៣០% ទេសចរ​បរទេស​ប្រមាណ ២១៧​នាក់ កើន ៦,៨៩% ចំណែក​សន្តិសុខ​សណ្ដាប់ធ្នាប់​គឺមាន​ភាពល្អប្រសើរ​៕​ដោយៈផាវី