សន្ដិសុខសង្គម

កំពុងពិនិត្យករណីគ្រូវិទ្យាល័យសំពៅលូន កាត់សក់សិស្សប្រុសៗក្នុងថ្នាក់រៀន

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡា កំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន បានកាត់សក់សិស្សប្រុសៗក្នុងថ្នាក់ពេលកំពុងរៀន។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលពីមហាជននិងបានរិះគន់ពីការ ចាត់វិន័យរបស់គ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែន សំពៅលូន ក្នុងខេត្តបាត់ដំបង ដោយបានកាត់សក់ និងឆកសក់សិស្សប្រុសៗបើទោះបីជាសិស្សមួយចំនួនបានកាត់សក់ខ្លី សឹងតែគ្មានកន្លែងឱ្យឆកទៀតក្តី។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើ ករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន បានកាត់សក់សិស្សប្រុស ទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។

ជុំវិញបញ្ហានេះ អ្នកគ្រូ ទឹង រចនា នាយិការងវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន បានបញ្ជាក់ថា “មុនដល់ការអនុវត្តកិច្ចការនេះ សាលាបានប្រជុំណែនាំជាយូរមកហើយ ដោយតម្រូវឱ្យសិស្ស សាលាប្រុសៗទាំងអស់ត្រូវកាត់សក់ម៉ូតប៉េអឹម។ជាមួយនោះយើងបានឯកភាពគ្នាក្នុងក្រុមប្រឹក្សាសាលា ក៏ដូចជាក្រុមប្រឹក្សាយុវជន តាមរយៈការប្រជុំដាក់ផែនការនេះជាយូរឆ្នាំមកហើយ ហើយក៏បាន អនុវត្តជាបន្តបន្ទាប់មកដែរ”។

អ្នកគ្រូ ទឹង រចនា បានអះអាងថា អាណាព្យាបាលសិស្សនៅក្នុងតំបន់នោះមិនបានបញ្ចេញ ប្រតិកម្មប្រឆាំងជាមួយសាលាទេ។មិនតែប៉ុណ្ណោះ អាណាព្យាបាលសិស្សទាំងនោះក៏បានគាំទ្រ ចំណាត់ការរបស់សាលាទៀតផង៕ដោយ៖វិចិត្រ