អន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ុយក្រែនអះអាងថាមាន​ថាមពល​ បម្រុងទុកគ្រប់គ្រាន់ល្មមអាចឆ្លងកាត់រដូវរងាផុត

នាយករដ្ឋមន្រ្តីអ៊ុយក្រែននិយាយថា លែងមានកង្វល់អ្វីដែលត្រូវគិតច្រើន ខណៈថាមពលបម្រុងទុក​គឺមានគ្រប់គ្រាន់ល្មមអាចឆ្លងកាត់រដូវរងាឲ្យផុត ទោះបីមានការវាយប្រហារម្តងហើយ​ម្តងទៀតពី​រុស្ស៊ីក៏ដោយនោះ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយប្រាប់កិច្ចប្រជុំរដ្ឋាភិបាលនៅថ្ងៃអង្គារ ទី២៤ ខែមករាថា ប្រទេសនេះមានធ្យូងថ្ម និងឧស្ម័នបម្រុងទុកគ្រប់គ្រាន់សម្រាប់ខែដែលនៅសេសសល់​បន្ទាប់ពីរដូវរងា ទោះបីជាមានការវាយប្រហាររបស់រុស្ស៊ីម្តងហើយម្តងទៀតលើប្រព័ន្ធថាមពលក៏ដោយ។ Shmyhal ថា ស្ថានភាពនៅក្នុងវិស័យថាមពលគឺពិបាកដោយសារការវាយប្រហាររបស់រុស្សីដោយ​យន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបានបំផ្លាញប្រព័ន្ធ​ថាមពលប្រហែល ៤០ ភាគរយ  ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង បន្ទាប់ពីយុទ្ធនាការរយៈពេលមួយខែ តុល្យភាពថាមពលត្រូវបានគ្រប់គ្រង។

“សម្រាប់ពេលនេះ រាល់ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការបំផ្លាញអ៊ុយក្រែនទៅក្នុងភាពងងឹត​ត្រូវបាន​បរាជ័យ។ “យើងមានទុនបម្រុងគ្រប់គ្រាន់ដើម្បីបន្ត និងបញ្ចប់រដូវកាលកម្ដៅក្នុងរបៀបធម្មតា។ លោក​បាន​បន្ថែម​ថា ឧស្ម័ន​ប្រហែល ១១ ពាន់​លាន​ម៉ែត្រ​គុប​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ឃ្លាំង​ផ្ទុក​ឧស្ម័ន ហើយ​ធ្យូង​ជិត ១,២ លាន​តោន​ក៏ស្ថិត​ក្នុង​ការ​ស្តុក​ទុកយ៉ាងមានសុវត្ថិភាពផងដែរ”។

គួរបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥មក អ៊ុយក្រែន​មិន​បាន​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ដោយ​ផ្ទាល់​ពីប្រទេស​រុស្ស៊ី​។ អ៊ុយក្រែនបាន​ទិញ​យកឧស្ម័ន​ធម្មជាតិតែ​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ ដូចជា​ស្លូវ៉ាគី​ជាដើមប៉ុណ្ណោះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា