សន្ដិសុខសង្គម

ត្រៀមបញ្ជូនតៃកុងរថយន្តបង្កឱ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់៣នាក់ទៅតុលាការ

ពោធិ៍សាត់៖រថយន្តម៉ាកតូយូតាហាយឡិនឌ័របានបែកកង់រេចង្កូតទៅបុកម៉ូតូធ្វើឱ្យមនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ ហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។គ្រោះថ្នាក់នេះ​បានកើតឡើងនៅលើផ្លូវលេខ៥៥ ម្តុំច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២២ ខែមករា។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកតូយូតាហាយឡិនឌ័រ ផ្លាកលេខភ្នំពេញ2BE-2853បើកពីកើតទៅលិច។មកដល់កន្លែងខាងលើ រថយន្តបែកកង់ ហើយរេចង្កូតទៅបុកម៉ូតូម៉ាកវ៉េវ គ្មានផ្លាកលេខមកពីមុខពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់។អ្នកស្លាប់ឈ្មោះ គ្រី ម៉ៅ អាយុ៣៧ឆ្នាំ នៅភូមិអង្រ្គង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។រីឯអ្នករងរបួស៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ចំណែកតៃកុងរថយន្តឈ្មោះ ហេង ឆេងអាន នៅភូមិតាស្គរ ស្រុកល្វាឯម ខេត្តកណ្ដាល ជាបុគ្គលិកក្រុមហ៊ុនមួយ អ្នករួមដំណើរឈ្មោះឡេង ធីតា ភេទស្រី អាយុ៣៣ឆ្នាំ។ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូនិងរថយន្តទៅទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងនិងបន្តនីតិវិធី៕ដោយ៖វិចិត្រ