សន្ដិសុខសង្គម

ត្រាក់ទ័រភ្ជួរដីចម្ការកិនចំគ្រាប់មីនផ្ទុះខូចខ្ទេច តៃកុងរបួសធ្ងន់

ព្រះវិហារ៖ត្រាក់ទ័រមួយគ្រឿងកំពុងភ្ជួរដីចម្ការពេលយប់បានកិនចំមីនតោនបន្សល់ពីសម័យសង្គ្រាមបណ្តាលឱ្យផ្ទុះខូចខ្ទេចខ្ទីអស់ទាំងស្រុង ចំណែកតៃកុងរងរបួសធ្ងន់។

មន្ត្រីអាជ្ញាធរមីនបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែមករា ហេតុការណ៍ផ្ទុះមីនតោនដែលបន្សល់ទុក​ពីសម័យសង្គ្រាមបណ្តាលឱ្យបុរសម្នាក់ឈ្មោះសៀក គឹមហុង អាយុ២០ឆ្នាំ បានរងរបួសធ្ងន់។មុនកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការ ហើយក៏កិនចំមីនតោននោះបណ្ដាលឱ្យ​ផ្ទុះតែម្ដង។ភ្លាមៗអ្នកភូមិបានជួយដឹកបុរសរងរបួសទៅមន្ទីរពេទ្យស្រុកជាំក្សាន្តដើម្បីសង្គ្រោះបន្ទាន់។

ក្នុងករណីប្រឈមនឹងឃាតកលាក់មុខនេះ មន្ត្រីផ្នែកដោះមីនបានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់កុំចូលទៅតំបន់ណាដែលសង្ស័យមានមីន ត្រូវសាកសួរអាជ្ញាធរមូលដ្ឋានជាមុនសិន​មុននឹងទៅ។កុំប៉ះពាល់ពេលឃើញមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ​មានសមត្ថកិច្ចនិងក្រុមបោសសម្អាតមីនដែលនៅជិតទីនោះ៕ដោយ៖វិចិត្រ