អន្តរជាតិ

ចារកម្មអ៊ុយក្រែនថារុស្ស៊ីមានគ្រាប់កាំជ្រួចជាក់លាក់សាហាវៗមិនច្រើនទេ

ចារកម្មសម្ងាត់អ៊ុយក្រែន បានធ្វើការវាយតម្លៃថា រុស្ស៊ីមានគ្រាប់កាំជ្រួចជាក់លាក់ខ្ពស់​សាហាវៗ​ប្រហែលជា៥៥០គ្រឿង ដែលជាចំនួនមួយល្មមនឹងវាយប្រហារអ៊ុយក្រែនបានច្រើនលើកទៀត។

លោក Vadym Skibitskyi ជាអនុប្រធានផ្នែកស៊ើបការណ៍ការពារជាតិអ៊ុយក្រែន បានប្រាប់ក្នុង​បទសម្ភាសន៍ជាមួយកាសែត Delfi នៅពេលសួរថា តើរុស្ស៊ីនឹងប្រើកាំជ្រួចប៉ុន្មានគ្រាប់ទៀតសម្រាប់​វាយប្រហារយកឈ្នះអ៊ុយក្រែន។ Skibitskyi ថា តាមការប៉ាន់ស្មាន  រុស្ស៊ីមានស្តុកទុកមុនសង្គ្រាម​រហូតដល់ ២០% នៃគ្រាប់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ ពោលគឺប្រហែល ៥៥០ គ្រឿង។ ទោះបីនេះជាចំនួនតិចក៏ពិតមែន ក៏ប៉ុន្តែរុស្ស៊ីចេះប្រើគួបផ្សំរួមបញ្ចូលគ្នាជាមួយយន្តហោះ​គ្មានមនុស្សបើក kamikaze ផលិតដោយអ៊ីរ៉ង់ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-300 និង S-400 សម្រាប់ការវាយប្រហារ។

របាយការណ៍នៃការវាយប្រហារចុងក្រោយរបស់រុស្ស៊ីមកលើដីគោកអ៊ុយក្រែនគឺមានគ្រាប់ជាក់លាក់ខ្ពស់មិនដល់៣០គ្រាប់ផង តែការបំផ្លិចបំផ្លាញគឺបណ្តាលមកពីរុស្ស៊ីបានប្រើចម្រុះគ្នានូវគ្រាប់បាញ់ចេញពី​ប្រព័ន្ធ​ការពារដែនអាកាស ដូចជា S-300 និង S-400 និងkamikaze៕

ប្រភព៖ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា