អន្តរជាតិ

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ថាអាចនឹងបញ្ជូនរថក្រោះខ្លារខិន១៣៩គ្រឿងទៅអ៊ុយក្រែន

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់បានបង្ហើបឲ្យដឹងថា អាល្លឺម៉ង់អាចនឹងបញ្ជូនរថក្រោះខ្លារខិនប្រមាណជា​១៣៩គ្រឿងទៅអ៊ុយក្រែនក្នុងករណីចាំបាច់ចុងក្រោយ  ក៏ប៉ុន្តែអ៊ុយក្រែនហាក់ដូចជាមិនសូវត្រេកអរ។

យោងតាមសម្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារទី ២៤ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅតែមិនព្រម​ប្រកាសជាផ្លូវការពីការផ្តល់រថក្រោះប្រយុទ្ធខ្លារខិន ស្គាល់ថាជា Leopard ទៅកាន់អ៊ុយក្រែននៅឡើយទេ ថ្វីបើការប្រជុំជាមួយសម្ព័ន្ធមិត្តណាតូ ពិសេសមហាអំណាចអាម៉េរិកបានធ្វើឡើងរួចហើយក៏ដោយ។ យ៉ាងណាមិញ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Rheinmetall ផ្ទាល់វិញបាន​លួចបង្ហើប​ប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយ RND ថា អាល្លឺម៉ង់អាចនឹងបញ្ជូនរថក្រោះប្រយុទ្ធ​ខ្លារខិន​ចំនួន ១៣៩គ្រឿងដល់អ៊ុយក្រែនប្រសិនបើក្នុងករណីចាំបាច់ជាទីបំផុត។ ក្នុងនោះ វាអាចនឹងរួមមានរថក្រោះ Leopard ប្រភេទ 2A4 ចំនួន ២៩ គ្រឿង ក្នុងករណីតានតឹងបំផុត អាល្លឺម៉ង់នឹងបញ្ជូនវានៅខែ​មេសា/ឧសភា និង ២២ គ្រឿងទៀតនៃម៉ូដែលដូចគ្នានេះនឹងផ្តល់នៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤។ ចំណែកសល់ពីនោះច្រើនគ្រឿង ប្រហែលជាត្រូវធ្វើឡើងជាមួយប្រភេទ Leopard 1  ដែលមាន​វ័យចំណាស់។ ប្រភពដដែលបានប្រាប់ទៀតថា ប្រភេទ Leopard 1  អាចមានចំនួន ៨៨ គ្រឿង តែចំពោះប្រភេទនេះគឺមិនត្រូវបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។

ជុំវិញដំណឹងនេះ អ៊ុយក្រែនហាក់ដូចជាមិនសូវជាត្រេកអរទេ ព្រោះខ្លួនត្រូវការរថក្រោះប្រភេទ Leopard ២ ថ្មីទំនើបច្រើនរយគ្រឿង សម្រាប់ការរំដោះទឹកដី។ លោក Andriy Yermak ប្រធានបុគ្គលិកនៃ​ប្រធានាធិបតីបានសរសេរនៅលើ Telegram ថា “យើងត្រូវការរថក្រោះច្រើនរយគ្រឿង – មិនមែនត្រឹម ១០ទៅ២០គ្រឿងទេ”។ ការរំដោះទឹកដីគឺធ្វើឡើងយកមកវិញឲ្យអស់គិតត្រឹមព្រំដែន​ឆ្នាំ១៩៩១ រួមទាំងត្រូវរំដោះយកទាំងគ្រីមៀរមកវិញផងដែរ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា