រដ្ឋាភិបាលអាល្លឺម៉ង់និយាយថា នឹងមិនអល់អែកទេបើប៉ូឡូញហ៊ានចេញមុខបញ្ជូនរថក្រោះខ្លារខិន ទៅកាន់អ៊ុយក្រែនមុននោះ។
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យប៉ូឡូញបញ្ជូនរថក្រោះ Leopard (ខ្លារខិន) ផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនដើម្បីជួយទីក្រុង Kyiv ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី ប្រសិនបើទីក្រុង Warsaw ប៉ូឡូញធ្វើសំណើបែបនេះមុននោះ។ លោក ស្រី Baerbock បានប្រាប់ទូរទស្សន៍ LCI កាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំកំពូល Franco-German នៅទីក្រុងប៉ារីសថា “ប្រសិនបើយើងត្រូវបានសួរសំណួរនោះ យើងនឹងមិនឈរនៅក្នុងផ្លូវនោះទេ” ។ “យើងដឹងថាតើរថក្រោះទាំងនេះមានសារសំខាន់ប៉ុនណា ហើយនេះជាមូលហេតុដែលយើងកំពុង ពិភាក្សារឿងនេះជាមួយដៃគូរបស់យើង។ យើងត្រូវធ្វើឱ្យប្រាកដថាជីវិតមនុស្សត្រូវបានសង្គ្រោះ ហើយទឹកដីអ៊ុយក្រែនត្រូវបានរំដោះ”។
ការអត្ថាធិប្បាយនេះបានលេចចេញជាសញ្ញាថាទីក្រុងប៊ែរឡាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុបចែកចាយរថក្រោះផលិតដោយអាល្លឺម៉ង់ទៅអ៊ុយក្រែនចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុង Kyiv និងសម្ព័ន្ធមិត្តផ្សេងទៀតសម្រាប់សកម្មភាពបែបនេះ។ នៅក្រោមកិច្ចព្រមព្រៀង អាជ្ញាប័ណ្ណអាល្លឺម៉ង់ ប្រទេសនានាមិនអាចបញ្ជូនរថក្រោះដោយគ្មានការយល់ព្រមពីទីក្រុង ប៊ែរឡាំង បានទេ៕
ប្រភព៖ ALJAZEERA
ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា