សន្ដិសុខសង្គម

​ក្រុម​គ្រូពេទ្យ​មិត្តភាពខ្មែរ-សូវៀតជួយ​សង្គ្រោះ​បុរសម្នាក់លេបថ្នាំទាំងសម្បក

ភ្នំពេញ៖ បុរស​​ម្នាក់ស្ថិតក្នុងការធ្វេសប្រហែស ដោយបាន​លេបថ្នាំ​ទាំង​សម្បកចូល​នៅ​ក្នុង​បំពង់​អាហារ ​ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតដើម្បីយក​​ថ្នាំ​នោះ​ចេញមក​វិញ។

​ប្រភពពីក្រុម​គ្រូពេទ្យ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ហៅពេទ្យរុស្ស៊ី បានឱ្យដឹងថា ​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣​ ក្រុមគ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​រំលាយ​អាហារ​ ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សណ្ដំនៃមន្ទីរពេទ្យរុស្ស៊ី បានអន្តរាគមន៍ជួយសង្គ្រាះបុរសម្នាក់ភ្លាមៗដោយ​ឆ្លុះ​ក្រពះ​អ្នកជំងឺ។

គ្រូពេទ្យដដែលបានបន្តថា តាម​រយៈ​ការ​ឆ្លុះ​ក្រពះបុរសម្នាក់ដោយមិនបានបញ្ជាក់ពីអត្តសញ្ញាណ​នោះមក​ ​ក៏បាន​រក​ឃើញ​ថ្នាំ​ទាំង​សម្បកក្នុង​បំពង់​អាហារ​របស់​អ្នកជំងឺ ទើបក្រុម​គ្រូពេទ្យបាន​​ចាប់​យក​ថ្នាំ​ទាំង​សម្បក​នោះចេញ​បាន​ទាន់​ពេលវេលានិង​ប្រកបដោយ​សុវត្ថិភាព។

បន្ទាប់ពីបានជួយសង្គ្រោះ ក្រុម​គ្រូពេទ្យ​ជំនាញបាន​ផ្ញើសារប្រាប់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់ ជា​ពិសេស​យាយ តា ​ដែល​មាន​វ័យ​ជរា មុន​​ទទួលទាន​ថ្នាំពេទ្យត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់​លាស់ជាមុនសិន ​ថាតើអស់​សម្បក​ហើយ​ឬ​នៅ និងមានអ្វីនៅក្នុងថ្នាំដែលត្រូវលេបនោះ៕ដោយ៖វិចិត្រ