សន្ដិសុខសង្គម

សង្គ្រោះជាង១០០នាក់រួចផុតពីគ្រោះថ្នាក់ ក្រោយភ្លើងឆេះសណ្ឋាគារ

ខេត្តព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុ បានសង្គ្រោះមនុស្សជាង១០០នាក់ឱ្យរួចផុតពីគ្រោះថ្នាក់ ក្នុងសណ្ឋាគារ“ឡិមុន” ក្រោយពីមានភ្លើងឆេះទូហ្គេមបាញ់ត្រី១គ្រឿងនៅជាន់ផ្ទាល់ដី។

សមត្ថកិច្ចបានឱ្យដឹងថា មនុស្សប្រុសស្រីជាង១០០នាក់ចម្រុះជាតិសាសន៍ បានជាប់គាំង ក្នុងសណ្ឋាគារឡិមុន មានកម្ពស់៨ជាន់ ខណៈពេលអគ្គិភ័យបានឆាបឆេះពីជាន់ផ្ទាល់ដី ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចសង្គ្រោះ។ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើង នៅម្តុំខាងក្រោយកាស៊ីណូជិនប៉ី១ សណ្ឋាគារឡិមុន ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៩ ខែមករា។

ក្រោយពីទទួលបានដំណឹងនេះភ្លាម អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រុងនិងខេត្ត បានចេញទៅជួយ អន្តរាគមន៍ទាន់ពេលវេលា។ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តបាញ់ទឹកអស់ជាង១០គ្រឿង និងបានជួយសង្គ្រោះមនុស្សទាំងជនជាតិខ្មែរនិងចិនជាង១០០នាក់ ហើយរងរបួស២នាក់។

សមត្ថកិច្ចសន្និដ្ឋានជាបឋមថា ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីឆេះទូហ្គេម បាញ់ត្រី១គ្រឿង នៅជាន់ផ្ទាល់ដី ទើបមានផ្សេងខ្មួលខ្មាញ់ឆាបឆេះបែបនេះ៕ដោយ៖វិចិត្រ