អន្តរជាតិ

រុស្ស៊ីព្រមានពីមហន្តរាយនៃសង្គ្រាម​កម្រិត​ថ្មី​​ ដល់អឺរ៉ុប និងពិភពលោក បើហ៊ានតែផ្តល់រថក្រោះធុនធ្ងន់ដល់អ៊ុយក្រែន

រុស្ស៊ីព្រមានពីមហន្តរាយនៃសង្រ្គាមកម្រិតថ្មីនៅទូទាំងអឺរ៉ុប និងពិភពលោក ក្នុងករណីដែលមាន​ការផ្តល់អាវុធធុនធ្ងន់ និងរថក្រោះសាហាវឲ្យអ៊ុយក្រែនយកមកវាយរុស្ស៊ី។

សេចក្តីថ្លែងការណ៍ព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រកាសឡើងដោយវិមានក្រឹមឡាំង​កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ពោលគឺបានកើតឡើងមុនពេលកិច្ចប្រជុំគូកន​សម្ព័ន្ធមិត្តអាម៉េរិកនៅប្រទេសអាល្លឺម៉ង់លើជំនួយអ៊ុយក្រែន គ្រោងធ្វើឡើងនៅថ្ងៃសុក្រនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Peskov  បានព្រមានពី  ហានិភ័យនៃសង្រ្គាមកម្រិតថ្មី​ដែលនឹងកើតឡើងក្នុងទ្វីបអឺរ៉ុប និងពិភពលោក ប្រសិនបើលោកខាងលិចសម្រេចផ្តល់​នូវអាវុធធុនធ្ងន់ដល់អ៊ុយក្រែន ខណៈអាវុធនោះប្រាកដណាស់នឹងមានសមត្ថភាពវាយប្រហារ​កងកម្លាំងរុស្ស៊ី ក៏ដូចជាទឹកដីរុស្ស៊ី។ Peskov និយាយប្រាប់សារព័ត៌មានថា “តាមលទ្ធភាពនេះពិត​ជាគ្រោះថ្នាក់ខ្លាំងណាស់។ វាមានន័យថា នឹងមានការនាំយកជម្លោះចូលទៅកាន់កម្រិតថ្មីទាំងស្រុង ដែលជាការពិតណាស់នឹងមិនមានភាពល្អប្រសើរពីទស្សនៈនៃសន្តិសុខពិភពលោក និងអឺរ៉ុបនោះទេ”។ Peskov ហាក់ដូចជាបានគំរាម ដោយប្រើពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា “យើ់ងនឹងបំផ្លាញវា”។ ការព្រមាននេះធ្វើឡើងបន្តបន្ទាប់គ្នាពីមន្រ្តីការទូតកំពូលរុស្ស៊ីប្រចាំនៅអាម៉េរិក ដែលថារុស្ស៊ីនឹងចាត់ការសងសឹកភ្លាមៗ បើអ៊ុយក្រែនប្រើអាវុធផ្គត់ផ្គង់ដោយលោកខាងលិច​យកមកវាយតំបន់គ្រីមៀរ បង្កវិនាសកម្មដីរុស្ស៊ី។

ទាក់ទិននឹងការព្រមានទាំងនេះ ប្រមុខការពារជាតិអាម៉េរិក លោក Lloyd Austin ដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសម្របសម្រួលកិច្ចប្រជុំស្តីពីជំនួយអ៊ុយក្រែននៅមូលដ្ឋានទ័ពប្រទេសអាល្លឺម៉ង់មិនបានកោតញញើតទេ ថែមទាំងបាននិយាយថា “យើងនឹងបន្តការប្តេជ្ញាចិត្តរួបរួមរបស់យើង ដើម្បីគាំទ្រការការពារខ្លួនរបស់អ៊ុយក្រែនសម្រាប់រយៈពេលដ៏យូរមួយ” ។ ចំណែកអាវុធដែលត្រូវបញ្ជូនទៅ សម្ព័ន្ធមិត្តនឹងរិះរកអាវុធជាក់លាក់ព្រមព្រៀងគ្នា បន្ទាប់ពីការពិភាក្សាបានបញ្ចប់។

យ៉ាងណាក៏ដោយ ចំពោះរថក្រោះធុនធ្ងន់ Leopard 2 ដែលជាគ្រឿងប្រយុទ្ធរសើបស្ថិត​ក្នុងប្រធានបទក្តៅបំផុតដាក់សម្ពាធដល់អាល្លឺម៉ង់វិញ អាល្លឺម៉ង់បានបញ្ជាក់យ៉ាងដាច់ណាត់ហើយថា ពួកគេនឹងមិនបញ្ជូនដោយការសម្រេចចិត្តតែឯក​ឯងទេ ពិសេសត្រូវតែមានការយល់ព្រម ដឹងឮពីមហាអំណាចអាម៉េរិក ហើយនឹងបញ្ជូនទៅអ៊ុយក្រែនដោយមិនប្រកែកឡើយ បើអាម៉េរិកហ៊ានបញ្ជូនរថក្រោះធុនធ្ងន់របស់ខ្លួនទៅមុន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា