អន្តរជាតិ

ផ្អើលពេញទីក្រុងប៉ារីស! បាតុករបារាំង ជាង១លាននាក់ លើកក្បួនតវ៉ាប្រឆាំងការដំឡើងអាយុចូលនិវត្តន៍

ផ្អើលពេញទីក្រុងប៉ារីស បាតុករបារាំងជាង១លាននាក់ បាននាំគ្នាលើកក្បួនដង្ហែតវ៉ាប្រឆាំង​ច្បាប់ដំឡើងអាយុសោធននិវត្តន៍រដ្ឋាភិបាល ខណៈបានប៉ះទង្គិចហិង្សាយ៉ាងខ្លាំងជាមួយប៉ូលិស។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុដោយទីភ្នាក់ងារសារព័ត៌មាន AFP បាតុកម្មដ៏ភ្លូកទឹកភ្លូកដីនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី ១៩ ខែមករា ឆ្នាំ២០២៣ ដោយមានបាតុករចូលរួមប្រមាណ ១,២ លាននាក់ រួមទាំង ៨ម៉ឺននាក់នៅទីក្រុងប៉ារីស​ដើរជាក្បួនតវ៉ាកុះករពេញទីក្រុងប៉ារីស ប្រទេសបារាំង។ តាមការបញ្ជាក់របស់ប៉ូលិស ក្រុមបាតុករជ្រុលនិយមខ្លះដូចជានៅក្នុងបរិវេណតំបន់ Bastille ពួកគេបានគប់ដប ធុងសំរាម និងគ្រាប់បែកផ្សែងដាក់ប៉ូលិស ចំណែកនៅត្រង់ចំណុចផ្សារ Nation ដ៏ធំនៅភាគខាងកើតទីក្រុងប៉ារីស បាតុករក៏បានដុតបំផ្លាញកង់ជាច្រើន និងកម្ទេចកម្ទីចំណតរថយន្តក្រុង។ ជាការឆ្លើយតប ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ និង​បានចាប់ខ្លួនមនុស្សចំនួន ៣៨ នាក់នៅម៉ោងប្រហែល ៦និង៣០ ល្ងាច ដែលភាគច្រើនមកក្រុម “Black Blocs” ដែលពាក់ម៉ាស់ មួកសុវត្ថិភាព និងសម្លៀកបំពាក់ពណ៌ខ្មៅ។

ដោយឡែកបើតាមប្រភពពីបាតុករវិញ បានឲ្យដឹងថា ការតវ៉ា គឺធ្វើឡើងដើម្បីគោលបំណងចង់ឲ្យ​រដ្ឋាភិបាលលុបចោលការដំឡើងអាយុចូលនិវត្តន៍កំណត់ថ្មី ពី៦០ទៅ៦៤ឆ្នាំ ប្រកាសដោយប្រធានាធិបតី​ម៉ាក្រុង។

បាតុករម្នាក់បាននិយាយថា “Macron ចង់ឱ្យយើងស្លាប់ក្នុងការងារហើយ” ។ “យើងត្រូវក្រោកពីព្រលឹម។ សហសេវិកខ្លះត្រូវភ្ញាក់នៅម៉ោង ៣ទៀបភ្លឺ។ ធ្វើការរហូតដល់អាយុ ៦៤ ឆ្នាំគឺច្រើនពេកហើយ”។ សកម្មភាពបាតុកម្មបន្ទាប់ គ្រោងនឹងធ្វើឡើងម្តងទៀតនៅថ្ងៃទី ៣១​ខែមករាខាងមុខនេះ។ យ៉ាងណាមិញ លោក Macron បាននិយាយចេញពីកិច្ចប្រជុំកំពូល​បារាំង-អេស្ប៉ាញនៅទីក្រុងបាសេឡូណាថា “កំណែទម្រង់នេះគឺប្រកបដោយយុត្តិធម៌ និងការទទួលខុសត្រូវ”៕

ប្រភព៖ RFI

ប្រភពរូប៖RFI
ប្រែសម្រួល៖សុខ តុលា