អន្តរជាតិ

ដាណឺម៉ាកបញ្ជូនកាំភ្លើងធំបារាំង Caesar ១៩គ្រឿងទៅកាន់អ៊ុយក្រែន

ប្រទេសដាណឺម៉ាក បានប្រកាសចូលរួមបរិច្ចាគកាំភ្លើងធំផលិតដោយបារាំង Caesar ១៩ គ្រឿង ជាជំនួយដល់អ៊ុយក្រែន ដើម្បីប្តេជ្ញាចិត្តជាសម្ព័ន្ធមិត្តប្រឆាំងរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសដាណឺម៉ាក លោក Jakob Ellemann-Jensen បានមានប្រសាសន៍​កាលពីថ្ងៃទី១៩ម្សិលមិញនេះថា ប្រទេសដាណឺម៉ាកនឹងបរិច្ចាគប្រព័ន្ធកាំភ្លើងធំ Caesar ដែលផលិត​ដោយ​បារាំងចំនួន ១៩ គ្រឿងពិតមែនដល់ប្រទេសអ៊ុយក្រែន។ រដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តី​ថ្លែងការណ៍​មួយថា “យើងបានទាក់ទងជាបន្តបន្ទាប់ជាមួយប្រជាជនអ៊ុយក្រែនអំពីកាំភ្លើងធំ Caesar ហើយខ្ញុំសប្បាយចិត្ត ដែលឥឡូវនេះយើងបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីសភាដាណឺម៉ាក​ទាំងមូល ក្នុងការបរិច្ចាគវាដល់ការតស៊ូសេរីភាពរបស់អ៊ុយក្រែន”។ យានកាំភ្លើងយន្តផ្លោង Caesar គឺជាសព្វាវុធអេឡិចត្រូនិចផលិតដោយបារាំងនៅទសវត្សរ៍១៩៩០។ វាគឺជាអាវុធបំពាក់​គ្រាប់ផ្លោង​ស្តង់ដាររបស់ណាតូ មានចាប់ទីតាំងនិងបាញ់ដោយស្វ័យប្រវត្តិក្នុងរយៈចម្ងាយច្បាស់លាស់ជាង ៤០គីឡូម៉ែត្រ។ Caesar មានម៉ាស៊ីនដើរដោយថាមពលប្រេងម៉ាស៊ូត ទទួលស្គាល់ជាគ្រឿងប្រយុទ្ធ​ដ៏ល្អមួយនៅអឺរ៉ុប។

សូមបញ្ជាក់ឲ្យដឹងថា ការផ្តល់ជូន Caesar  ដោយភាគីដាណឺម៉ាក គឺកើតឡើងបន្ទាប់ពីប្រទេសស៊ុយអែត Nordic កាលពីដើមថ្ងៃព្រហស្បតិ៍បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ដែលមានតម្លៃ​ប្រហែល៤១៩ លានដុល្លារអាម៉េរិក។ កញ្ចប់នោះរួមមានរថពាសដែកប្រយុទ្ធថ្មើរជើង និងប្រព័ន្ធ​កាំភ្លើងធំ Archer ក៏ដូចជាអាវុធធុនស្រាល អាវុធប្រឆាំងរថក្រោះ NLAW ចល័តឧបករណ៍បោស​សម្អាតមីន និងកាំភ្លើងវែង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា