អន្តរជាតិ

ហ្សេឡិនស្គីសរសេរសំបុត្រអញ្ជើញសុំប្រធានាធិបតីចិនស៊ីជីនពីងសម្រាប់ការសន្ទនា

ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី បានសរសេរសំបុត្រអញ្ជើញប្រធានាធិបតីចិន ស៊ីជីនពីង សម្រាប់ការសន្ទនា ខណៈដែលការឈ្លានពានរបស់រុស្ស៊ីឈានចូលជិតដល់ខួបមួយឆ្នាំ។

យោងតាមសារព័ត៌មានអាល់ចាហ្សេរ៉ា សំបុត្រនេះត្រូវបានប្រគល់ទៅកាន់គណៈប្រតិភូចិននៅទីក្រុង Davos ប្រទេសស្វីស នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក តាមរយៈភរិយារបស់គាត់ គឺលោកស្រី Olena Zelenska កាលពីថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។ Zelenska ភរិយាលោកហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាកាយវិការ និងការអញ្ជើញដោយសុទ្ធចិត្តសម្រាប់ការ​សន្ទនាជាមួយភាគីចិន ហើយខ្ញុំសង្ឃឹមយ៉ាងខ្លាំងថានឹងមានការឆ្លើយតបវិជ្ជមានចំពោះ​ការអញ្ជើញនេះ”។

​ Zelenskyy ក៏ធ្លាប់បានប្រាប់កាសែត South China Morning Post កាលពីខែសីហាផងដែរ ដោយបានស្នើសុំការសន្ទនាជាផ្លូវការជាមួយលោក Xi តែមិនទាន់ទទួលបានទេ។ បន្ទាប់មករដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជួបគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កក្នុងខែកញ្ញា។

ទន្ទឹមនឹងសង្រ្គាមជិតដល់ខួបមួយឆ្នាំ អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទីបំផុត​ចិន​អាច​ឈាន​ជើង​ចូល​ជា​អ្នក​សម្រុះសម្រួល ​ដើម្បីកិច្ច​ចរចា​បញ្ចប់​ការ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន បើទោះជាចិននិងរុស្ស៊ីត្រូវបានគេដឹងគ្រប់គ្នាថា បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” ជាមួយគ្នា។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវកាលពីខែកញ្ញាឆ្នាំមុន លើគ្រប់ភាគីពាក់ព័ន្ធដើម្បីរក្សាវិបត្តិកុំឱ្យរីករាលដាល ដោយគូសបញ្ជាក់ពីការព្រួយបារម្ភអំពី​ផលប៉ះពាល់​សេដ្ឋកិច្ចនៃជម្លោះដែលបានប៉ះពាល់ដល់ប្រទេសទូទាំងពិភពលោក៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា