សន្ដិសុខសង្គម

រថយន្តបុកក្មេងសិស្សសាលាកំពុងជិះកង់ទៅរៀនបណ្តាលឱ្យស្លាប់

កំពង់ឆ្នាំង៖គ្រោះថ្នាក់ចរាចរបង្កពីរថយន្តម៉ាកហាយឡេនឌ័រ បានបើកបុកក្មេងស្រីសិស្សសាលាម្នាក់​កំពុងជិះកង់ទៅរៀនបណ្តាលឱ្យស្លាប់ភ្លាម។ហេតុការណ៍នោះបានកើតឡើងនៅផ្លូវលេខ៥៣​និងផ្លូវវាងក្រុង ក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៨ ខែមករា។

មន្ត្រីនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះវ៉ាត ធាណាន់ អាយុ១៤ឆ្នាំនៅភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ។

មុនកើតហេតុ ក្មេងស្រីម្នាក់បានជិះកង់ទៅសាលារៀនតាមផ្លូវជាតិលេខ៥៣ពីលិចទៅកើត។មកដល់កន្លែងផ្លូវខ្វែងរវាងផ្លូវវាងក្រុងនិងផ្លូវជាតិលេខ៥៣ ស្រាប់តែមានរថយន្តម៉ាកហាយឡេនឌ័រ ផ្លាកលេខពោធិ៍សាត់ 2B.7606 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនបានបុកកង់ពេញទំហឹង បណ្ដាលឱ្យក្មេងស្រីស្លាប់ភ្លាមៗ។បន្ទាប់ពីកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ទុករថយន្តចោលនៅទីនោះ។

ក្រោយមកសមត្ថកិច្ចបានទៅដល់ ប្រគល់សពឱ្យក្រុមគ្រួសារនិងបន្តស្វែងរកចាប់តៃកុង​យកមកទទួលខុសត្រូវក្នុងករណីនេះ៕ដោយ៖វិចិត្រ