សន្ដិសុខសង្គម

នាំខ្លួនស្រ្តីម្នាក់ករណីបរិហារបង្កាច់កេរ្តិ៍និងញុះញង់ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានចាប់និងនាំខ្លួនស្ត្រីម្នាក់ទៅតុលាការកាលពី​រសៀលថ្ងៃទី១៨ ខែមករា ពាក់ព័ន្ធបទបរិហារបង្កាច់កេរ្តិ៍និងញុះញង់ធ្វើឡើងតាមហ្វេសប៊ុក ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះសេង ថៃមារា អាយុ២៦ឆ្នាំ នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។មុនចាប់ខ្លូនស្ត្រីសង្ស័យរូបនោះ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឈ្មោះ សេង ថៃមារា បានជេរប្រមាថ បរិហារបង្កាច់កេរ្តិ៍ទៅលើបុគ្គលម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា “គ្លីនិកបុគ្គលនោះស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមនបានសម្លាប់កូនក្មេងនិងបង្ហោះជាសាធារណៈ។ក្នុងនោះក៏បានសូមឱ្យបងប្អូនគ្រប់ៗគ្នា​ឈប់យកកូនទៅពិនិត្យនិងព្យាបាលនៅគ្លីនិកនោះទៀតទៅបើមិនចង់ស្តាយក្រោយ” ។

ពាក្យសម្តីខាងលើជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ភាគីម្ខាងទៀតដែលមិនមែនជាការពិតនិងគ្មានភស្តុតាងគ្រប់គ្រាន់។គឺជនសង្ស័យមានគំនិតទុច្ចរិតដោយចេតនា ដើម្បីបរិហារបង្កាច់កេរ្តិ៍អ្នកដទៃតែប៉ុណ្ណោះម្តងហើយម្តងទៀតមិនរាងចាល។

បើទោះបីមានការព្រមានពីភាគីដើមបណ្តឹងក៏ដោយ ទើបធ្វើឱ្យភាគីខាងរងគ្រោះប្តឹងទៅ​សមត្ថកិច្ចឱ្យជួយចាត់ការទៅតាមច្បាប់៕ដោយ៖វិចិត្រ