អន្តរជាតិ

អ៊ុយក្រែនថាជនស៊ីវិល៩០០០នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាមបង្កដោយរុស្ស៊ី

អ៊ុយក្រែនបញ្ចេញរបាយការណ៍ថា ជនស៊ីវិល ៩.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមបង្កដោយ​រុស្ស៊ីថ្ងៃដំបូង ព្រមទាំងបានចុះបញ្ជីឧក្រិដ្ឋកម្មសង្រ្គាមចំនួន៨ម៉ឺនករណី។

របាយការណ៍នេះត្រូវបានប្រកាសដោយជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។ លោក Yermak  បានលម្អិតថា ក្នុងចំណោម៩.០០០នាក់ដែលជាជនស៊ីវិលនោះ រួមមានទាំងកុមារចំនួន ៤៥៣ នាក់ សុទ្ធតែត្រូវបានសម្លាប់ទាំងអស់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី​ថ្ងៃទី ២៤ ខែកុម្ភៈ។ បន្ថែមពីនេះ អ៊ុយក្រែនក៏បានចុះបញ្ជីឧក្រិដ្ឋកម្មចំនួន ៨០.០០០ករណី បង្កដោយពួកឈ្លានពានរុស្ស៊ីផងដែរ។

Yermak ថា “យើង​នឹង​មិន​អត់ទោសនូវរាល់សកម្មភាពណាមួយទេ។ ឧក្រិដ្ឋជន​នីមួយៗ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវគ្រប់ជីវិត”។ លោក Yermak បាន​អំពាវនាវ​ជាថ្មី​ឲ្យ​សាលាក្តី​អន្តរជាតិ​ជាពិសេស​ ​ដើម្បី​កាត់ទោស​រុស្ស៊ី និង​សងសំណង​ចំពោះ​ការបំផ្លិចបំផ្លាញ។

សូមបញ្ជាក់ឲ្យដឹងថា របាយការណ៍នេះគឺហាក់ផ្ទុយពីរបាយការណ៍របស់អង្គការសហប្រជាជាតិ​ដែលបានចេញកាលពីថ្ងៃចន្ទជាមួយតួលេខមានត្រឹមតែ ៧ពាន់នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រភពជាច្រើនទៀតបានប៉ាន់ស្មានថា តួលេខពិតគឺមិនច្រើនដល់ថ្នាក់នេះទេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា