អន្តរជាតិ

អាម៉េរិកជួបអ៊ុយក្រែនបន្ទាន់ ពិភាក្សាជំនួយអាវុធបន្ថែម

មេទ័ពកំពូលសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន បានជួបគ្នាបន្ទាន់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយពិភាក្សាអំពីជំនួយដែលត្រូវផ្តល់ឲ្យបន្ថែម ចំពេលស្ថានភាពសមរភូមិកំពុងតានតឹង។

យោងតាមសារព័ត៌មានអន្តរជាតិ កិច្ចប្រជុំសម្ងាត់ និងបន្ទាន់ប្រហែល២ទៅ៣ម៉ោងរវាងឧត្តមសេនីយ៍ឯក Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាម៉េរិក ជាមួយមេទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ Valerii Zaluzhnyi គឺបានធ្វើឡើងនៅទីតាំងដែលមិនបានបញ្ជាក់ច្បាស់លាស់ គ្រាន់តែដឹងថានៅឯភាគអាគ្នេយ៍ប្រទេសប៉ូឡូញ ក្បែរព្រំដែនជាមួយអ៊ុយក្រែននៅថ្ងៃអង្គារទី ១៧ ខែមករា ឆ្នាំ២០២៣។ តាមការដកស្រង់បន្ថែម Zaluzhnyi  បាននិយាយថា គាត់បានគូសបញ្ជាក់ពី “តម្រូវការបន្ទាន់” របស់កងកម្លាំងគាត់ប្រាប់ទៅកាន់ភាគីអាម៉េរិក លោក Milley ។ ព័ត៌មានបន្ថែមពី​ជំនួបនេះ មិនត្រូវបានគេរាយការណ៍ឲ្យដឹងថាតើ អាម៉េរិកបានសន្យាបញ្ជូនអ្វីថ្មី​ដល់អ៊ុយក្រែនទៀត​នោះទេ តែតាមប្រភពសារព័ត៌មាន អាម៉េរិកនឹងពាំនាំបញ្ហាដែលអ៊ុយក្រែនបានប្រាប់ទាំងអស់ ដើម្បីយកទៅពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូបន្តទៀត។

គួរជម្រាបថា កិច្ចប្រជុំផ្ទាល់នេះ បានធ្វើឡើងនៅពេលដែលសហគមន៍អន្តរជាតិកំពុងតែបង្កើនជំនួយ​យោធាដល់អ៊ុយក្រែន រួមទាំងការពង្រីកការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន និងការផ្តល់អាគុយមីស៊ីល Patriot រថក្រោះ និងការបង្កើនប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធសព្វាវុធនានាដោយសហរដ្ឋអាម៉េរិក សម្ព័ន្ធមិត្តអឺរ៉ុប និងប្រជាជាតិផ្សេងទៀត ដើម្បីឆ្លើយតបជួយដល់អ៊ុយក្រែនទប់ទល់នឹងសម្ពាធ​សង្រ្គាមបច្ចុប្បន្ន៕

ប្រភព៖ REUTERS

ប្រភពរូប៖AFP
ដោយ ៖សុខ តុលា