អន្តរជាតិ

ស្លាប់ជាច្រើននាក់នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីអាកាសធាតុចុះត្រជាក់ដល់-២១អង្សាសេ

មនុស្សជាច្រើននាក់បានស្លាប់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាននៅរយៈពេល២សប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីអាកាសធាតុចុះត្រជាក់ខ្លាំង ខ្វះខាតនូវការផ្គត់ផ្គង់កម្តៅ។

យោងតាមសារព័ត៌មានអាល់ចាហ្សេរ៉ា បានឲ្យដឹងពីរបាយការណ៍គិតត្រឹមថ្ងៃពុធ ទី ១៨មករានេះ មនុស្សជាង២០នាក់បានស្លាប់នៅទូទាំងខេត្តនានានៃប្រទេស បន្ទាប់ពី រលកត្រជាក់បានបន្តកើតមាន​អស់រយៈពេល២សប្តាហ៍។ សីតុណ្ហភាពត្រជាក់ខ្លាំងត្រូវបានគេ​រាយការណ៍​ចុះរហូតដល់ទៅ -២១អង្សាសេ រួមមានដូចជាខេត្ត Baghlan ភាគខាងជើង និងសូម្បីតែនៅក្នុងរដ្ឋធានីកាប៊ុលក៏មិនខុសគ្នា​ផងដែរ។ កាលពីថ្ងៃសុក្រកន្លងទៅនេះ សីតុណ្ហភាពហាក់គ្រាន់បើបន្តិចនៅត្រឹម -១១អង្សាសេ ក៏ប៉ុន្តែវានៅតែពិបាកសម្រាប់ប្រជាជននៃខេត្ត Baghlan។

ប្រភពរាយការណ៍បាននិយាយថា អ្នកស្លាប់គឺបណ្តាលមកពីផ្ទះរបស់ពួកគេមិនមានការផ្គត់ផ្គង់កម្តៅ និងអាហារហូបចុកគ្រប់គ្រាន់។ ពួកគេមិនមានលទ្ធភាពក្នុងការទិញនូវធ្យូងកម្តៅ អុស និងសូម្បីតែ​អាហារទៀងទាត់។ ជាក់ស្តែងអ្នកស្រុកម្នាក់ឈ្មោះ Shahin ដែលមានសមាជិកគ្រួសារដល់ទៅ ១២ នាក់ បានរៀបរាប់ថា “យើង​បាន​ទិញ​ធ្យូង​ខ្លះ​នៅ​ដើម​រដូវរងា ប៉ុន្តែ​ក្នុង​អាកាសធាតុ​ត្រជាក់​នេះ ការផ្គត់ផ្គង់​របស់​យើង​ជិត​អស់​ហើយ ហើយ​យើង​មិន​អាច​មាន​លទ្ធភាព​ទិញ​បាន​ទៀត​ទេ”។

ចាប់តាំងពីរដ្ឋបាលតាលីបង់ឡើងកាន់អំណាចមក សេដ្ឋកិច្ចប្រទេសអាហ្វហ្គានីស្ថានបានជួបប្រទះ​នឹងទុក្ខ​លំបាកយ៉ាងខ្លាំង។​ ប្រជាជនមានជីវភាពដុនដាប ខ្វះខាតស្បៀងអាហារ វិបត្តិហិរញ្ញវត្ថុ បង្ខំឲ្យមេគ្រួសារខ្លះបានសម្រេចចិត្តលក់សារីរាង្គកាយជាថ្នូរ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា