សន្ដិសុខសង្គម

សិប្បកម្មច្រើនកន្លែងបានកើតឡើងវិញក្រោយមានកិច្ចសន្យាបញ្ឈប់

ស្ទឹងត្រែង៖សិប្បកម្មកែច្នៃឈើធ្វើគ្រឿងសង្ហារិមជាច្រើនកន្លែងនៅស្រុកបុរីអូរស្វាយសែនជ័យបានកើតឡើងវិញក្រោយមានកិច្ចសន្យាបញ្ឈប់នាពេលកន្លងមក។

ប្រភពព័ត៌មានបានឱ្យដឹងថា ឈើដែលឈ្មួញប្រមូលទិញពីតំបន់អភិរក្សជីវចម្រុះតំបន់រាំសារ​និងច្រករបៀងការពារដោយមន្ត្រីបរិស្ថានគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើ យកមកកែច្នៃពាក់កណ្ដាល​សម្រេចរួចដឹកចេញទៅលក់នៅក្រៅខេត្ត។សិប្បកម្មទាំងអស់នោះហាក់មិនខ្លាចក្រែងនឹងច្បាប់​បន្តិចណាសោះ បើទោះបីពួកគេធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់នៅចំពោះមុខសមត្ថកិច្ចកន្លងមកក៏ដោយ។

ប្រភពដដែលបានបន្តថា ថៅកែសិប្បកម្មទាំងនោះភាគច្រើនគឺមិនមែនពលរដ្ឋនៅក្នុងឃុំព្រះរំកិល ខេត្តស្ទឹងត្រែងនេះទេ។ពួកគេសុទ្ធតែជាអ្នកចំណាកស្រុកមកជួលផ្ទះបើករោងម៉ាស៊ីនអារច្រៀកនិងមាន​រថយន្តទំនើបៗដឹកចេញទៅលក់នៅក្រៅខេត្ត។

ម្ចាស់សិប្បកម្មខាងលើក៏បានធ្វើកិច្ចសន្យាជាមួយមន្ត្រីបរិស្ថាននិងអាជ្ញាធរត្រូវបញ្ឈប់រាល់សកម្មភាព-អារឈើ-ប្រើម៉ាស៊ីនជ្រៀក-តាបឈូសនិងសកម្មភាពផ្សេងៗទាក់ទងនឹងការបង្កើតសិប្បកម្មនៅក្បែរ​តំបន់អភិរក្សនៅស្រុកបុរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែង៕ដោយ:សុខុម