សន្ដិសុខសង្គម

បញ្ជូនបុរសម្នាក់ប្រើកាំបិតចាក់លើក្មួយឱ្យរបួសធ្ងន់ទៅតុលាការ

បាត់ដំបង៖ឪពុកមានិងក្មួយប្រសាបានផឹកស្រាស្រវឹងក៏កើតជម្លោះពាក្យសម្តី ត្រូវជនដៃដល់ជាពូ​បានយកកាំបិតចុងស្រួចចាក់ក្មួយឱ្យរងរបួសធ្ងន់ ត្រូវនគរបាលចាប់បញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ករណីហិង្សានេះបានកើតឡើងនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៦ ខែមករា។បន្ទាប់ពីទទួលដំណឹង កម្លាំងនគរបាលស្រុកសំឡូតជាមួយនគរបាលប៉ុស្តិ៍បានចុះទៅដល់ចាប់បុរសដៃដល់ភ្លាមៗ។

ជនសង្ស័យឈ្មោះ ញ៉ញ​ ដេន​ អាយុ៥៤​ឆ្នាំ​ នៅភូមិ ឃុំខាងលើ បានយកកាំបិតចុងស្រួច​ចាក់ទៅលើក្មួយប្រសាឈ្មោះសោ សន អាយុ២៩ឆ្នាំ​ នៅភូមិ ឃុំជាមួយគ្នាចំនួន២កាំបិត​បណ្ដាលឱ្យរងរបួសធ្ងន់​។មន្ត្រីដដែលបានបន្តថា ករណីខាងលើគឺបណ្តាលមកពីពូ​និងក្មួយ​ផឹកស្រាស្រវឹងទាស់សម្តីប្រកែកគ្នា រហូតដល់ប្រើកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង។

ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។រីឯជនសង្ស័យត្រូវ​នគរបាលស្រុកសំឡូតបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ