សន្ដិសុខសង្គម

កោះហៅ៣នាក់ចូលបំភ្លឺរឿងនាំពលរដ្ឋឈូសឆាយដីរដ្ឋជាង១.០០០ហិកតា

បាត់ដំបង៖តុលាការខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឱ្យមេខ្លោង៣នាក់ចូលខ្លួនបំភ្លឺ ក្រោយនាំពលរដ្ឋកាប់រានឈូសឆាយព្រៃយកដីរដ្ឋជាង១.០០០ហិកតាក្នុងស្រុកសំឡូត។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមករា នេះ តុលាការខេត្តបាត់ដំបងបានកោះហៅបង្គាប់ឱ្យបុគ្គលជាមេខ្លោងចំនួន៣នាក់ចូលខ្លួនបំភ្លឺជុំវិញករណីចូលកាប់ទន្ទ្រានយកដីរបស់រដ្ឋ៤ទីតាំងក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រធានមន្ទីរកសិកម្មបានបន្តថា មេខ្លោងនោះឈ្មោះហឿម ម៉ៃ -ឈ្មោះង៉ែត ចន្ថា និងឈ្មោះមាស ទូច ភេទស្រី មកពីតំបន់ផ្សេងៗក្នុងខេត្តបាត់ដំបង។សកម្មភាពកៀរគរប្រជាពលរដ្ឋចូលទន្ទ្រាន​កាន់កាប់ដីរដ្ឋខុសច្បាប់ជាទង្វើបង្កចលាចលសង្គមដើម្បីឱ្យមានសកម្មភាពតវ៉ាផ្សេងៗ ក្នុងបទល្មើស​ប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ដីកាបង្គាប់របស់តុលាការខេត្តបាត់ដំបងថ្ងៃនេះមិនបានសម្រេចតាមការគ្រោងទុកឡើយដោយសារប្រជាពលរដ្ឋអ្នកពាក់ព័ន្ធជាង១០០គ្រួសារបានហែហមចូលរួមឈរត្រៀបត្រាតវ៉ាមិនឱ្យតំណាងរបស់ពួកគាត់ចូលបំភ្លឺ។បន្ទាប់មកក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញនៅព្រឹកថ្ងៃដដែល៕ដោយ៖ព្រះអង្គខ្មៅ