ភ្នំពេញ៖តុលាការខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនគម្រោងផលិតបេតុង៣នាក់ ពីបទឆបោកលុយជនរងគ្រោះជិត៤ម៉ឺនដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា ចៅក្រមស៊ើបសួរតុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមករាបានកោះហៅជនរងគ្រោះឈ្មោះពិន ប៉ែត ដែលប្តឹងតំណាងក្រុមហ៊ុនគម្រោងផលិតបេតុង៣នាក់ ពីបទឆបោកឱ្យចូលទៅតុលាការនៅថ្ងៃទី២៤ខែមករាខាងមុខនេះ។ជនជាប់ចោទ-ឈ្មោះខាន់វណ្ណៈ ជាអគ្គនាយកក្រុមហ៊ុនផលិតបេតុងខេវីអិន ឈ្មោះជា រិទ្ធី អគ្គនាយករង និងឈ្មោះសៀន ស្រីម៉ៅ ភេទស្រី ជាប្រធានគណនេយ្យ។
ក្រុមហ៊ុនគម្រោងផលិតបេតុងនេះមានទីតាំងស្ថិតនៅក្នុងបុរីលម្ហែអារម្មណ៍ហូលីហ្វៀល ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ ពិន ប៉ែត បានបញ្ជាក់ថា លោកបានប្តឹង៣នាក់ខាងលើ ព្រោះបានជួលរថយន្តធុនធំរបស់លោកចំនួន៣គ្រឿងដើម្បីដឹកស៊ីម៉ងត៍តម្លៃ៥.០០០ដុល្លារក្នុង១ខែអស់រយៈពេល៣ខែរួចមិនឱ្យថ្លៃដឹកសោះ។
ឈ្មោះ ពិន ប៉ែតបានបន្តថា ជាមួយនោះពួកគេថែមទាំងលួងលោមឱ្យខ្លួនចូលភាគហ៊ុន១០.០០០ដុល្លារថែមទៀត សរុបទាំងមុននិងក្រោយរួមទាំងថ្លៃដាក់ភាគហ៊ុនចំនួន៣ម៉ឺន៥ពាន់៧១៧ដុល្លារ ហើយប្តឹងទាមទារជំងឺចិត្តចំនួន១០.០០០ដុល្លារ។
ជនត្រូវចោទម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះ ជា រិទ្ធី បាននិយាយថា អ្នកដែលប្តឹងរូបគាត់គឺមិនត្រឹមត្រូវទេ ព្រោះអ្នកប្តឹងបានដឹងថា មានថ្នាក់ដឹកនាំច្រើននាក់ក្នុងរឿងនេះ មិនមែនមានតែរូបគាត់ម្នាក់ជាអ្នកទទួលខុសត្រូវទាំងស្រុងនោះឡើយ៕ដោយ៖វិចិត្រ