ព័ត៌មានជាតិ

អ្នកនេសាទចូលរួមអភិរក្សសត្វល្មិច ដោយដោះលែងវិញក្រោយពីចាប់បាន

កែប៖ នាអំឡុងពេលចុងក្រោយនេះ ប្រជានេសាទខេត្តកែបតែងប្រគល់ជូនជាបន្តបន្ទាប់​ដល់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវសត្វល្មិច​ក្រោយពេល​ពួកគាត់ចាប់បានដើម្បីលែងចូលសមុទ្រវិញ។ នេះបង្ហាញថាប្រជាពលរដ្ឋកាន់តែយល់ដឹង និងបានផ្លាស់ប្តូរឥរិយាបថពីគំនិតអាត្មានិយមមកជាការចូលរួមអភិរក្សសត្វកម្រដើម្បីប្រយោជន៍រួមសម្រាប់អនាគត។

លោកថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែបបានប្រាប់ឲ្យដឹងថា ថ្មីៗនេះ អ្នកនេសាទបានប្រគល់អណ្តើកសមុទ្រ ឬហៅថាសត្វល្មិចចំនួនបួនក្បាលជូនខណ្ឌរដ្ឋ​បាលជលផល​ជាបន្តបន្ទាប់ដើម្បីឲ្យមន្ត្រីជំនាញ និងអាជ្ញាធរលែងចូលសមុទ្រវិញក្រោយពីពួកគាត់ចាប់បាន។ ក្នុងចំណោមសត្វល្មិចទាំងបួនក្បាលនោះ គឺបីក្បាលទើបនឹងកកើតថ្មី ចំណែកមួយទៀតជាល្មិច​ដែលធ្លាប់បានលែងកាលពីឆ្នាំ២០១៨។

លោកប្រធានមន្ទីរបានបន្តថា កន្លងទៅ មន្ត្រីជំនាញសហការ​ជាមួយ​គ្រប់ផ្នែកពាក់ព័ន្ធបានចុះណែនាំ អប់រំ និងជួបផ្ទាល់ជាមួយប្រជានេសាទដើម្បីបញ្ជ្រាប​អំពីវិធានការគាំពារ អភិរក្សសត្វសមុទ្រប្រភេទកម្រ ដូចជា ផ្សោត ជ្រូកទឹក ល្មិចជាដើម។ ជាលទ្ធផល មួយរយៈចុងក្រោយនេះ ប្រជានេសាទបានកែប្រែ​ឥរិយាបថ ដោយងាកមកចូលរួមអភិរក្សសត្វកម្រដើម្បី​ប្រយោជន៍រួមសម្រាប់ថ្ងៃអនាគត។ ត្រឹមតែ​រយៈពេលជិតមួយខែ មន្ត្រីជំនាញបានទទួលអណ្តើកសមុទ្រ​ពីអ្នកនេសាទជាច្រើនក្បាលរួចយកទៅ​លែង​ចូលសមុទ្រឲ្យមានសេរីភាពវិញក្រោយពួកគាត់ចាប់បានភ្លាមៗ។

លោកថឹង បូរិន បានបញ្ជាក់ថា ក្នុងសមុទ្រខេត្តកែបសម្បូរដោយរុក្ខជាតិ ជាហេតុធ្វើឲ្យភោគផលនេសាទ​កើតមានច្រើន។ នាដំណាក់កាលចុងក្រោយនេះ ក្រុមការងារជំនាញបានប្រទះហ្វូងផ្សោតសមុទ្រ​ច្រើនជាង១០០ក្បាលដែលបង្ហាញខ្លួននៅចន្លោះកោះពោធិ៍។ ជាមួយនោះក៏បានរកឃើញពពួក​ជ្រូកទឹកជាញឹកញយផងដែរ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា អ្វីដែលជាការ​កត់សម្គាល់​គឺចំនួនសត្វអណ្តើកសមុទ្រមានការកើនឡើងគួរឲ្យមោទន:។ ទាំងនេះតម្រូវឲ្យគ្រប់ផ្នែកពាក់ព័ន្ធបន្ត​សហការ និងខិតខំបន្ថែមក្នុងការថែរក្សាជម្រករបស់ពពួកសត្វកម្រក្នុងដែនសមុទ្រខេត្តកែបទាំងមូល៕

ដោយ៖កំចាយ