អន្តរជាតិ

អង្គការសហប្រជាជាតិថ្កោលទោសរុស្សី វាយប្រហារដោយមីស៊ីលនៅ Dnipro ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម

បន្ទាប់ពីស្លាប់និងរបួសជាច្រើននាក់នៅទីក្រុង Dnipro អ៊ុយក្រែន ប្រមុខអង្គការសហប្រជាជាតិ​បានថ្កោលទោសរុស្ស៊ីជាផ្លូវការ ចាត់ទុកទង្វើនេះជាឧក្រិដ្ឋកម្មនៃសង្រ្គាម។

យោងតាមប្រភពអ្នកនាំពាក្យបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្រេចថ្កោលទោសការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីជាឧក្រិដ្ឋកម្មសង្រ្គាម​មិនអាចលើកលែងបាន ខណៈបានធ្វើឲ្យអគារផ្ទះល្វែងក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន ត្រូវបានបំផ្លាញ ស្លាប់មនុស្ស និងរបួសរាប់សិបនាក់ រួមទាំងកុមារផងដែរ។ លោកស្រី Stephanie Tremblay បានប្រាប់អ្នកយកព័ត៌មានថា “ការវាយប្រហារបានវាយប្រហារអគារលំនៅដ្ឋានមួយនៅទីក្រុង Dnipro កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈកន្លងទៅ” ។ លោកស្រីបានបន្ថែមថា “អគ្គលេខាធិការបានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថានេះគឺជាឧទាហរណ៍មួយ​ផ្សេងទៀតនៃការរំលោភលើច្បាប់នៃសង្គ្រាម” ។

នៅក្នុងនាមជាភ្នែកច្រមុះអន្តរជាតិ លោកស្រី Tremblay បាននិយាយថា អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិប្រចាំនៅអ៊ុយក្រែន លោក Denise Brown “បានអំពាវនាវឱ្យមានការស៊ើបអង្កេត​ប្រកបដោយប្រសិទ្ធភាពចំពោះករណីនៃឧក្រិដ្ឋកម្មសង្គ្រាមនេះហើយ ដោយសន្យាថានឹងវែកមុខ​ជនសង្ស័យយកមកកាត់ទោសឲ្យស័ក្តិសមជាទីបំផុត”។

យោងតាមរដ្ឋាភិបាលហ្សេឡិនស្គី អ្នកស្លាប់ចុងក្រោយនៅ Dnipro បានកើនឡើងដល់៤០នាក់ហើយ ដោយបានរកឃើញសាកសពជាបន្តបន្ទាប់ពីគំនរបាក់បែក៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា