សេដ្ឋកិច្ច

អង្ករ​កម្ពុជា រំពឹងថា នឹង​បាន​នាំ​ចេញទៅ ម៉ា​ល់​ឌី​វ​

​ភ្នំពេញ​៖ អង្ករ​កម្ពុជា ដែល​ជាប់​ចំណាត់ថ្នាក់​អង្ករ​ល្អ​បំផុត​លំដាប់​ពិភពលោកចំនួន៥ដង បាន​ត្រូវ​រំពឹងថា​នឹង​អាច​នាំ​ចេញទៅ​ប្រទេស​មា់ល់​ឌី​វនា​ពេលខាងមុខ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​ម៉ា​ល់​ឌី​វ ក្នុង​ដំណើរ​ទស្ស​និច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានបង្ហាញ​បំណង​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ម៉ា​ល់​ឌី​វ តាមរយៈ​ការនាំចេញ​នាំចូល​នូវ​ទំនិញ​សក្តានុពល​ខ្ពស់​មួយចំនួន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបង្ហាញ​នូវ​ក្តី​សង្ឃឹមថា ដោយសារតែ​អង្ករ​របស់​កម្ពុជា​ល្បីល្បាញ ជាប់​លេខ​១ រយៈពេល​ពេល​៥​ដងនោះ គឺមាន​លទ្ធភាព​ខ្ពស់ ក្នុងការ​នាំចេញ​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ សម្រាប់​បម្រើ​ឲ្យ​ប្រជាជន​ម៉ា​ល់​ឌី​វ​ផង និង​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ម៉ា​ល់​ឌី​វ​ផងដែរ​។​

​សម្តេច​តេ​ជោ​បន្ថែមទៀតថា ក្រៅពី​អង្ករ​កម្ពុជា នៅមាន​កសិផល​ផ្សេងទៀត ដូចជា​ស្វាយចន្ទី ចេក ស្វាយ និង​សម្លៀកបំពាក់ ដែល​អាច​ឲ្យ​កម្ពុជា​នាំចូល​មក​ម៉ា​ល់​ឌី​វ បាន​។​ជាមួយគ្នានេះ សម្រាប់​ផលិតផល​ដែល​ម៉ា​ល់​ឌី​វ មាន​លទ្ធផល​ខ្ពស់​ក្នុងការ​នាំចេញ​ទៅកាន់​ក​ម្ពុ​ជា ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង គឺជា​ត្រីខកំប៉ុង​ដែល​ផលិត​នៅ​ម៉ា​ល់​ឌី​វ និង​ផលិតផល​ត្រី​មួយចំនួនទៀត​ផងដែរ​។​

​សូមជម្រាបថា អង្ករ​របស់​កម្ពុ​ជាទ​ទួលបាន​ជ័យលាភី​ជា «​អង្ករ​ល្អ​ដាច់​គេ​» របស់​ពិភពលោក​ចំនួន​៥​ដង គឺ​នៅ​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ ឆ្នាំ​២០១៨ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០២២៕​ដោយៈសិរីមតី