សន្ដិសុខសង្គម

តាមចាប់តៃកុងឡានបុកម៉ូតូបណ្តាលឱ្យបងស្លាប់ ប្អូនរងរបួសធ្ងន់

បាត់ដំបង៖ក្មេងប្រុស២នាក់បងប្អូនជិះម៉ូតូឌុបគ្នាទៅសាលារៀន ត្រូវរថយន្តមិនស្គាល់ម៉ាក​បុកចំពីក្រោយ​ បណ្ដាលឱ្យបងស្លាប់ ប្អូនរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចកំពុងតាមចាប់តៃកុងឡាននោះ។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខបាត់ដំបង1X-1105 បើកបរដោយក្មេងប្រុសម្នាក់ឈ្មោះភូ លីហេង អាយុ ១៦ឆ្នាំ និងប្អូនបង្កើតម្នាក់ឈ្មោះ ភូ លីហ៊ួរ អាយុ១៣ឆ្នាំ។ ក្មេងរងគ្រោះនៅក្នុងភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ម៉ូតូធ្វើដំណើរពីត្បូងទៅជើងសំដៅទៅសាលារៀន ស្រាប់តែមានរថយន្តធុនធ្ងន់សណ្តោងរ៉ឺម៉កបើក​យ៉ាងលឿនមកបុកពីក្រោយពេញទំហឹងនិងកិនបណ្តាលឱ្យបងស្លាប់ភ្លាមនិងប្អូនរងរបួសធ្ងន់ រថយន្តក៏បើករត់បាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានជួយដឹកក្មេងរងរបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់​ហើយបន្តស្វែងរកចាប់អ្នកបើកបររថយន្តយកមកដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ