អន្តរជាតិ

អ៊ុយក្រែនថារុស្ស៊ីកំពុងខើចមីស៊ីល ខណៈបានបង្វែរប្រព័ន្ធការពារដែនអាកាសទៅជាការវាយប្រហារ

អ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងឈានទៅរកការខើចមីស៊ីល ឬកម្រិតមីស៊ីលចុះទាបហើយ ពីព្រោះរុស្ស៊ីបានបង្វែរប្រព័ន្ធការពារដែនអាកាសយកទៅប្រើជាការវាយលុកទៅវិញ។

នេះដោយយោងតាមអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយតម្លៃកាលពីថ្ងៃចន្ទ ទី១៦ ខែមករាសប្តាហ៍នេះ។ អ្នកនាំពាក្យលោក Yuriy Ihnat បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបង្កើនការ​ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស S-300 និង S-400 យ៉ាងសកម្មណាស់បច្ចុប្បន្ននេះដើម្បីធ្វើការ​វាយឆ្មក់លើគោលដៅដីអ៊ុយក្រែន។ លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Kyiv តាមវីដេអូថា “សត្រូវកំពុងព្យាយាមប្រើប្រាស់សក្តានុពលរបស់ពួកគេ ពីព្រោះមានកាំជ្រួច S-300 នៅសល់ច្រើន”។

ទោះជាយ៉ាងណាក៏ដោយ ការបង្វែរយកប្រព័ន្ធការពារដែនអាកាសដែលទុកសម្រាប់តែការពារ​មីស៊ីលនេះ គឺបានបង្ហាញថា ស្តុកមីស៊ីលផ្លោងរបស់ទីក្រុងមូស្គូកំពុងនៅមានកម្រិតទាប។ មន្ត្រីរូបនេះក៏បាន​លើក​ឡើង​ពី​ការ​ស៊ើប​អង្កេត​របស់​អ៊ុយក្រែន​ដោយ​អះអាង​ថា រុស្ស៊ីឥឡូវនេះ​មាន​គ្រាប់មីស៊ីលវាយប្រហារ Iskander ទំនើប​មិន​ដល់ ១០០ គ្រាប់​ទេដែលនៅសល់។ ដូច្នេះទើបរុស្ស៊ី​ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ S-300 និង S-400 ជំនួសវិញ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា