អន្តរជាតិ

ហ្សេឡិនស្គីអង្វរសម្ព័ន្ធមិត្តឲ្យជួយពន្លឿនការបញ្ជូនរថក្រោះខ្លារខិន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានដាច់ចិត្តប្រកាសអង្វរសម្ព័ន្ធមិត្តរបស់ខ្លួន ជាថ្មីម្តងទៀត សុំឲ្យជួយពន្លឿននីតិវិធីបញ្ជូនអាវុធ ពិសេសរថក្រោះខ្លារខិន បន្ទាប់ពីរង់ចាំអស់រយៈពេល យ៉ាងយូរ។

ការអំពាវនាវនេះ បាន​កើតឡើងចំពេលដែលការអូសបន្លាយកាន់តែយូរចំពោះការផ្តល់ជូននូវ រថក្រោះLeopard ពីសម្ព័ន្ធមិត្តអាល្លឺម៉ង់។ ដោយសារតែបានរង់ចាំរយៈពេលយូរ ជាមួយភាពស្មុគស្មាញ កាន់តែខ្លាំង និងមិនបានទទួលដំណឹងទាល់តែសោះ ពិសេសបន្ទាប់ពីហេតុការណ៍វាយប្រហារ ដោយរុស្ស៊ីសម្លាប់មនុស្ស៤០នាក់នៅទីក្រុងDnipro ភាគកណ្តាលមក ហ្សេឡិនស្គី បានដាច់ចិត្ត ប្រកាសទទូចជាថ្មីថា ខ្លួនពិតជាត្រូវការអាវុធធុនធ្ងន់បន្ទាន់ខ្លាំងណាស់ ដើម្បីយកមកកែប្រែស្ថានភាព​សមរភូមិយកឈ្នះរុស្ស៊ី។

រហូតមកដល់ពេលនេះ អ៊ុយក្រែនពឹងផ្អែកជាចម្បងតែលើរថក្រោះ T-72 សម័យសូវៀតប៉ុណ្ណោះ ខណៈអ្នកវិភាគការពារបាននិយាយថា រថក្រោះប្រយុទ្ធផលិតដោយលោកខាងលិចប្រាកដជានឹង​អាចផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវការការពារប្រសើរជាងមុន និងកម្លាំងបាញ់ត្រឹមត្រូវចំគោលដៅ។ ប៉ុន្តែបច្ចុប្បន្ននេះ ការសម្រេចចិត្តត្រូវបានរាំងស្ទះ ខណៈសម្ព័ន្ធមិត្តទីក្រុងគៀវគិតថាវានឹងអូសទាញខ្លួន​ឲ្យចូលទៅក្នុងសង្រ្គាមដោយផ្ទាល់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា