អន្តរជាតិ

រុស្ស៊ីថា រថក្រោះអង់គ្លេសនឹងត្រូវឆេះខ្ទេចខ្ទីនៅអ៊ុយក្រែន

រុស្ស៊ីថារថក្រោះរបស់អង់គ្លេសដែលនឹងបញ្ជូនមកអ៊ុយក្រែន នឹងត្រូវឆេះខ្ទេចខ្ទីសល់តែគ្រោងដែក​ប្រើលែងបានតទៅទៀត ហើយវានឹងមិនផ្លាស់ប្តូរស្ថានភាពសង្រ្គាមលើដីនោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង គឺលោក Dmitry Peskov បានប្រាប់ទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ​សប្តាហ៍នេះ នៅពេលសួរអំពីរថក្រោះរបស់ចក្រភពអង់គ្លេស ដែលនឹងបញ្ជូនមកអ៊ុយក្រែន។ Peskov ប្រាប់ថា “ពួកវានឹងមិនរួចខ្លួនទេ ខណៈបានប្រើប្រាស់សម្រាប់អ៊ុយក្រែនជាឧបករណ៍មួយប្រឆាំង​គោលដៅរុស្ស៊ី”។ “រថក្រោះទាំងនោះនឹងត្រូវឆេះដូចពេលមុនៗ”។ ប្រាប់បន្ថែមទៀត លោក Peskov ថា ការផ្គត់ផ្គង់ ក្រោយៗមកពីប្រទេសដូចជាអង់គ្លេស និងប៉ូឡូញ នឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើដី​សមរភូមិ​នោះទេ ប៉ុន្តែជាការប៉ុនប៉ងដើម្បីទាញជម្លោះឲ្យកាន់តែអូសបន្លាយ និងនៅទីបំផុតបញ្ហា​នឹងមកកាន់តែច្រើនលើអ៊ុយក្រែន។

វោហារសាស្រ្តនេះបានកើតឡើងបន្ទាប់ពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធសំខាន់ៗចំនួន ១៤គ្រឿងគឺ Challenger 2 ក៏ដូចជាកាំភ្លើងធំទំនើប​ផ្សេងទៀតទៅអ៊ុយក្រែននៅក្នុងសប្តាហ៍ខាងមុខនេះ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា