អន្តរជាតិ

រុស្ស៊ីថាបានផលិតគ្រាប់បែកនុយក្លេអ៊ែរ Poseidon ក្រោមទឹកឈុតដំបូង

រុស្ស៊ីនិយាយថា បានផលិតគ្រាប់បែកនុយក្លេអ៊ែរក្រោមទឹក Poseidon ឈុតដំបូងបង្អស់ ខណៈឆាប់ៗនេះ វានឹងត្រូវបានបំពាក់លើនាវាមុជទឹកនុយក្លេអ៊ែរ Belgorod របស់រុស្ស៊ី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទ ទី ១៦ ខែមករា ដោយបានធ្វើការដកស្រង់ជាថ្មីលើប្រភពមិនស្គាល់អត្តសញ្ញាណបានឲ្យដឹងថា ទីក្រុងមូស្គូនៅទីបំផុត បានផលិតសំណុំដំបូងនៃគ្រាប់បែកនុយក្លេអ៊ែរ Poseidon ក្រោមទឹក មានសមត្ថភាពនុយក្លេអ៊ែររួចរាល់ ហើយ ដោយត្រៀមចាំសម្រាប់ដាក់ពង្រាយលើនាវាមុជទឹកនុយក្លេអ៊ែរ Belgorod ប៉ុណ្ណោះ។ ប្រភពនេះបានបន្តថា សមាសធាតុសំខាន់ៗរបស់ Poseidon រួមមានទាំងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ សម្រាប់ផ្តល់ប្រភពថាមពលដល់ torpedo សុទ្ធតែត្រូវបានបញ្ចប់ការផលិតដោយជោគជ័យអស់ហើយ។  ហើយសំខាន់ជាងនេះ នាវិកនៃនាវាមុជទឹកនុយក្លេអ៊ែរ Belgorod ក៏បានបញ្ចប់ការសាកល្បង ជាមួយនឹងគំរូនៃ torpedo រួចហើយផងដែរ។

ជុំវិញដំណឹងដ៏រសើបមួយនេះ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការ អត្ថាធិប្បាយរបស់ភ្នាក់ងារកាសែតអន្តរជាតិនោះទេ។ ដូចដែលធ្លាប់បានជម្រាបរួចហើយ រុស្ស៊ីធ្លាប់បាន ព្រមានពីកម្លាំងដ៏សែនខ្លាំងរបស់គ្រាប់បែក Poseidon ក្រោមទឹក។​ បើឲ្យតែហ៊ានបាញ់ចេញទៅ  Poseidon នឹងបង្កើតជារលកយក្សវិទ្យុសកម្មជន់លិចដីទ្វីប ទីក្រុងឆ្នេរសមុទ្រទាំងអស់ ហើយសូម្បីតែ ភាវៈរស់ក៏កម្រនឹងមានជីវិតរស់នៅ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា