សន្ដិសុខសង្គម

រថយន្ត​ទំនើបបុកផាស្អេបក្រឡាប់បណ្តាលឱ្យបុរសមា្នក់រងរបួសធ្ងន់

ភ្នំពេញ​៖​តៃកុងរថយន្តម៉ាក Range Rover ទំនងស្រវឹងស្រា បានបើកក្នុងល្បឿនលឿនជ្រុល​ទៅ​បុក​ផាស្អេបពីក្រោយ​​បណ្តាល​ឱ្យក្រឡាប់និងម្ចាស់ផាស្អេបរងរបួស​ធ្ងន់។ហេតុការណ៍​នេះ​បានកើត​ឡើង​នៅមុខ​ផ្សារ​ទំនើប​អ៊ីអន​ទី៣​ តាម​​ផ្លូវ​៦០ម៉ែត្រ​ ក្នុងសង្កាត់​ចាក់អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា។

ប្រភព​ព័ត៌មាន​​បានឱ្យដឹង​ថា មុន​កើតហេតុ​ គេឃើញ​បុរស​ម្នាក់​បើកផាស្អេបផ្លាកលេខ​ភ្នំពេញ​1HY-3937​ ​តាម​ផ្លូវ​៦០ម៉ែត្រ​​ពី​ជើងទៅត្បូង​។មកដល់កន្លែងខាងលើ​ ស្រាប់​តែមាន​រថយន្ត​ម៉ាក​ RANGE ROVER ផ្លាកលេខ​ភ្នំពេញ​2AW-8989​ តៃកុងសង្ស័យ​​​ស្រវឹង​ស្រាបើកមកពី​ក្រោយ​យ៉ាង​លឿន​ក៏​បុកផាស្អេបពេញទំហឹងបណ្តាលឱ្យក្រឡាប់​និង​អ្នក​បើកបររងរបួសធ្ងន់ធ្ងរ។

​ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍បាន​ចុះវាស់វែង​យក​រថយន្ត​និងផាស្អេបទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ​៕ដោយ៖វិចិត្រ