សន្ដិសុខសង្គម

រថយន្តដឹកដីបើកកៀរម៉ូតូឱ្យដួលរួចកិន ចំក្បាលបុរសម្នាក់ស្លាប់ភ្លាម

ភ្នំពេញ៖រថយន្តបែនដឹកដីបើកក្នុងល្បឿនលឿន ហើយបានកៀរម៉ូតូកំពុងបើកស្របគ្នាឱ្យដួលរួចកិន ពីលើ ចំក្បាលបែកចេញខួរបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅតាមផ្លូវវេងស្រេង ម្តុំគល់ស្ពានអាកាសចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះថុល សុធា អាយុ៣០ឆ្នាំ នៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល។ មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1FN-6958 ធ្វើដំណើរតាមផ្លូវវេងស្រងពីត្បូងទៅជើង។

មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តបែនដឹកដីបើកស្របគ្នាក្នុងល្បឿនលឿនបានកៀរ ម៉ូតូឱ្យដួល រួចកិនពីលើចំក្បាលបែកចេញខួរបណ្តាលឱ្យបុរសនោះស្លាប់ភ្លាម។ចំណែករថយន្តបង្ក បានបន្ថែមល្បឿនបើករត់បាត់តែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញបានចុះវាស់វែងយកម៉ូតូទៅរក្សាទុក រង់ចាំប្រគល់ឱ្យក្រុមគ្រួសារ។ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ