សន្ដិសុខសង្គម

រថភ្លើងដឹកប្រេងឥន្ធន:ពន្លះគ្នាជាមួយរថយន្តដឹកថ្មខូចខាតធ្ងន់ធ្ងរ

បាត់ដំបង៖រថភ្លើងដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានពន្លះគ្នាជាមួយនឹងរថយន្តធុនយក្សដឹកថ្មប៉ើង​ក្រឡាប់ផ្ងារជើងហូរប្រេងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចររវាងរថភ្លើងដឹកប្រេងជាមួយរថយន្តដឹកថ្មនេះ​បានកើតឡើងនៅត្រង់កំណាត់ផ្លូវបំបែករវាងរថភ្លើងនិងផ្លូវហាយវេវាងក្រុង ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង វេលាថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា។

មុនកើតហេតុ គេឃើញភ្នាក់ងារធ្វើសញ្ញាចរាចរណ៍របស់រថភ្លើងបានទម្លាក់បារ៉ាស់សន្សឹមៗ និងបានបន្លឺសំឡេងផ្លុំកញ្ចែប្រាប់មិនឱ្យរថយន្តឆ្លងកាត់ដែរ។តែភាគីខាងរថយន្តហាក់មិនខ្វល់​ហើយរឹតតែបង្កើនល្បឿនឱ្យផុត។ប៉ុន្តែត្រូវរថភ្លើងបុកពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់​ចាក់ថ្មរាយប៉ាយកកស្ទះលើគន្លងផ្លូវភ្លោះផ្នែកខាងឆ្វេងជាច្រើនម៉ោង។

ចំណែកឯរថភ្លើងបានប៉ើងខ្ទាតធ្លាក់ចូលក្នុងប្រឡាយក្បែរផ្លូវ ធ្លាក់ស៊ីទែនប្រេងម៉ាស៊ូតចុះមកដី​មួយស៊ីទែន និងមួយស៊ីទែនទៀតខ្ទាតចេញពីគន្លងផ្លូវកល់នឹងក្បាលរថភ្លើងថែមទាំងបង្កឱ្យ​ដែកតួផ្លូវរថភ្លើងរមូរវៀចជាច្រើនម៉ែត្រ តែមិនបង្កឱ្យផ្ទុះឆេះទេ។

ពលរដ្ឋបានបន្តថា រថយន្តបានធ្វើដំណើរពីជើងទៅត្បូង រីឯខាងរថភ្លើងបានធ្វើដំណើរពីលិចទៅកើត​ទិសដៅខេត្តបន្ទាយមានជ័យទៅភ្នំពេញដឹកប្រេងម៉ាស៊ូតពេញៗរាប់ម៉ឺនលីត្រក្នុងមួយស៊ីទែនៗ។គ្រោះថ្នាក់ដ៏កម្រនេះ ក្រៅពីបានបង្កការខូចខាតដល់យានយន្តជាមធ្យោបាយទាំងពីរយ៉ាងធ្ងន់ធ្ងរ នៅបង្ករងរបួសអ្នកបើកបរថភ្លើងម្នាក់ឈ្មោះ សយ សម្បត្តិ អាយុ៥៧ឆ្នាំ ចំពោះអ្នកបរខាងភាគីរថយន្តត្រូវសមត្ថកិច្ចនាំខ្លួន៕ដោយ: ព្រះអង្គខ្មៅ