សន្ដិសុខសង្គម

បើករថយន្តបុកបង្កាន់ដៃស្ពានក្រឡាប់ឆេះអស់ធ្វើឱ្យតៃកុងរងរបួសធ្ងន់

កំពត៖បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យក្រឡាប់ក៏មានភ្លើងឆាបឆេះរថយន្តខ្ទេចអស់និងតៃកុងរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិស្នោតូច ឃុំអង្គ-រមាស ស្រុកដងទង់ ខេត្តកំពត កាលពីយប់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣។ មន្ត្រីនគរបាលស្រុកដងទង់ បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះជួន មករា អាយុ៣៨ឆ្នាំ នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់ចរាចរមួយនៅត្រង់ស្ពានត្រើង ផ្លូវជាតិលេខ៣ ចន្លោះបង្គោល គីឡូម៉ែត្រលេខ១១៦-១១៧ បង្កឡើងដោយខ្លួនឯង។ មុនកើតហេតុរថយន្តនោះបានបើកក្នុងល្បឿន លឿន ក៏ជ្រុលបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឱ្យក្រឡាប់ហើយឆាបឆេះយ៉ាង សន្ធោសន្ធៅតែម្តង។ ឃើញបែបនោះអ្នកជិតខាងក៏បានចូលទាញលើកយកអ្នកបើកបរ ដែលកំពុងរងរបួសធ្ងន់ចេញ រួចទំនាក់ទំនងហៅរថយន្តដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលរងការខូចខាតម៉ាកលុចស៊ីស330 ផ្លាកលេខភ្នំពេញ2AZ-5701 ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ជាបណ្តោះអាសន្ន៕ដោយ៖កំចាយ