សន្ដិសុខសង្គម

បញ្ជូនបងថ្លៃកាប់ប្អូនឱ្យរងរបួសពេទ្យដេរជិត១០០ថ្នេរទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោ បានចាប់ជនសង្ស័យម្នាក់កាប់ប្អូនថ្លៃបណ្តាលឱ្យ​រងរបួសធ្ងន់​ពេទ្យដេរ៩០ថ្នេរ ហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ហេតុការណ៍នេះបានកើតឡើង​នៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីល្ងាច ថ្ងៃទី១៥ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ត្រូវជាបងថ្លៃឈ្មោះ ហ៊ុន ប្រុសពេជ្រ អាយុ២៧ឆ្នាំ។ចំណែកជនរងគ្រោះឈ្មោះសេង ពិសិដ្ឋ អាយុ២២ឆ្នាំ ជាអ្នករត់ផាស្អេប ស្នាក់នៅកន្លែងខាងលើ។

មុនកើតហេតុ ជនរងគ្រោះជាប្អូនថ្លៃនិងជនសង្ស័យបានជួបផឹកស៊ីជាមួយគ្នានិងមិត្តភក្តិផ្សេងទៀត។ក្រោយពេលស្រវឹងរៀងៗខ្លួន មិត្តភក្តិសុំទៅផ្ទះមុន នៅសល់តែប្អូននិងបងថ្លៃស្រាប់តែប៉ះទង្គិចសម្តីគ្នា។

មួយសន្ទុះទាំង២នាក់ក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យជាបងថ្លៃស្ទុះទៅទាញកាំបិតបុ័ងតោ​មកកាប់ចិញ្ច្រាំលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ហើយត្រូវបាន​គ្រូពេទ្យដេរចំនួន៩០ថ្នេរ។ក្រោយកើតហេតុ នគរបាលខណ្ឌបានចុះទៅឃាត់ខ្លួនបុរសជាបងថ្លៃយកទៅ​សាកសួរ រួចកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ