សន្ដិសុខសង្គម

ឃុំខ្លួនអនុប្រធានគណបក្សភ្លើងទៀន រឿងចេញសែកអត់មានសាច់ប្រាក់

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា បានឃុំខ្លួនអនុប្រធានគណបក្សភ្លើងទៀន​មួយរូប​ពាក់ព័ន្ធករណីចេញសែកទៅម្ចាស់បំណុលគ្មានសាច់ប្រាក់ចំនួន៥សន្លឹក។

សមត្ថកិច្ចបានឱ្យដឹងថា ការឃុំខ្លួនជនជាប់ចោទឈ្មោះថាច់ សេដ្ឋា មានតួនាទីជាអនុប្រធានគណបក្ស​ភ្លើងទៀន ក្រោមបទចោទប្រកាន់ចេញសែកទៅម្ចាស់បំណុលគ្មានសាច់ប្រាក់ចំនួន៥សន្លឹក និងបញ្ជូនទៅ​ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។

មន្ត្រីដដែលបានបន្តថា កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាប់ចោទតាមដីកាបង្គាប់​ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ មន្ត្រីតុលាការភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានទទួលបណ្តឹងពីក្រុមហ៊ុន“រិនឆាយរនាប” បានប្តឹងឈ្មោះថាច់ សេដ្ឋា ពីបទចេញសែក៥សន្លឹកគ្មានសាច់ប្រាក់។

ក្នុងដំណាក់កាលស៊ើបសួរ ជនជាប់ចោទឈ្មោះថាច់ សេដ្ឋា មិនបានចូលឆ្លើយបំភ្លឺតាមដីកា​បង្គាប់ឱ្យចូលខ្លួនចំនួន២លើក ទើបចៅក្រមស៊ើបសួរចេញដីកាឱ្យនាំខ្លួនមកស្តាប់ចម្លើយតាមនីតិវិធី។ក្រោយពេលសាកសួរ ចៅក្រមបានចេញដីកាឃុំខ្លួនឈ្មោះថាច់ សេដ្ឋា បណ្តោះអាសន្ន។តែតុលាការមិនបានបញ្ជាក់ពីចំនួនសាច់ប្រាក់ដែលសែកស្អុយទាំងនោះមានប៉ុន្មាននៅឡើយទេខណ:កំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ