សន្ដិសុខសង្គម

រឿងប្រចណ្ឌស្ត្រីម្នាក់រត់ឆ្លងផ្លូវដេញកាប់ ប្រពន្ធចុងត្រូវរថយន្តបុកស្លាប់

ត្បូងឃ្មុំ៖ព្រោះតែរឿងប្រចណ្ឌ ស្ត្រីម្នាក់បានរត់ឆ្លងថ្នល់ដេញកាប់ស្ត្រីដោយចោទជាប្រពន្ធចុង របស់ប្តីត្រូវរថយន្តធំបើកមកបុកពេញទំហឹងបណ្តាលឱ្យដាច់ដៃម្ខាងស្លាប់ភ្លាមៗ។ ហេតុការណ៍ ដ៏ព្រឺព្រួចនោះ បានកើតឡើងនៅលើផ្លូវជាតិលេខ៧ ក្នុងភូមិសង្គមមានជ័យ-ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលស្លាប់ឈ្មោះ ប៉ូ សុខគា អាយុ៣០ឆ្នាំ នៅភូមិមេមត់ ផ្សារឃុំ-ស្រុកមេមត់។ចំណែកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខកំពង់ចាម 3B-0007 សណ្តោងរ៉ឺម៉កឈ្មោះជា ជាតិ អាយុ២៧ឆ្នាំ នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មុនកើតហេតុ ស្រ្តីឈ្មោះប៉ូ សុខគា បានកាប់ស្រ្តីជាប្រពន្ធចុងរបស់ប្តីជាមួយកូនប្រុសបណ្តាលឱ្យ រងរបួស។ស្ត្រីរងគ្រោះនិងកូនភ័យពេកក៏រត់ឆ្លងទៅម្ខាងផ្លូវ ហើយស្រ្តីប្រពន្ធដើមនោះនៅតែ តាមដេញកាប់ទៀត។

មន្ត្រីដដែលបានបន្តថា ពេលកំពុងរត់ឆ្លងផ្លូវក៏មានរថយន្តធំមកបុកនិងកិនបណ្តាលឱ្យដាច់ដៃម្ខាង ស្លាប់ភ្លាមតែម្តង។សមត្ថកិច្ចអះអាងថា រឿងរ៉ាវកើតឡើងនេះគឺផ្តើមចេញពីការប្រចណ្ឌ៕ដោយ៖វិចិត្រ