សន្ដិសុខសង្គម

មិនទាន់ចាប់បានអ្នកបើកឡានបុកម៉ូតូធ្វើឱ្យគ្រូបង្រៀនម្នាក់ស្លាប់

ស្ទឹងត្រែង៖រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បានអ្នកបើករថយន្តម៉ាក lexus បើកបុកម៉ូតូ​ធ្វើឱ្យគ្រូបង្រៀនម្នាក់ស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងនិងម្នាក់រងរបួសធ្ងន់។ហេតុការណ៍នោះបានកើតឡើងនៅម្តុំគល់ស្ពានមេគង្គត្រើយខាងលិច ស្ថិតក្នុងភូមិអូរត្រែល ឃុំ ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូខាងលើនេះក្នុងទិសដៅ​ស្របគ្នាពីកើតទៅលិច។

អ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខស្ទឹងត្រែង1B1214 បើកបរដោយឈ្មោះទុំភឿន អាយុ១៧ឆ្នាំ រងរបួសធ្ងន់។អ្នករួមដំណើរឈ្មោះព្រំ ហ៊ឹម អាយុ៥៣ឆ្នាំ ជាគ្រូបង្រៀនបានស្លាប់។អ្នកទាំង២នៅភូមិ​ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

រីឯរថយន្តម៉ាក LexusRX330 ផ្លាកលេខភ្នំពេញ 2AB2390 ។ក្រោយបង្កគ្រោះថ្នាក់ រថយន្តបើកទៅមុខ​ប្រហែល១០០ម៉ែត្រទុកចោលហើយម្ចាស់រថយន្តនោះបានចុះរត់គេចខ្លួនបាត់តែម្តង៕ដោយ:សុខុម