សន្ដិសុខសង្គម

ភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នងអស់គ្មានសល់ជាមួយសម្ភារជាច្រើន

រតនគិរី៖អគ្គិភ័យបានលេបត្របាក់ផ្ទះមួយខ្នងនៅតំបន់ដាច់ស្រយាលជាមួយសម្ភារជាច្រើនអស់ទាំងស្រុង ដោយរថយន្តទឹកមិនអាចទៅជួយពន្លត់ទាន់ឡើយ។គ្រោះអគ្គិភ័យនោះបានកើតឡើងនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី១៥ ខែមករា។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះនោះប្ដីឈ្មោះ ប៉ែន គួរ អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ ពូ ទីសី អាយុ ៣៥ឆ្នាំ មានកូនចំនួន២នាក់ក្នុងបន្ទុក។ក្នុងហេតុការណ៍នោះបណ្តាលខូចខាតផ្ទះមួយខ្នង​ដែលមានទំហំទទឹងប្រវែង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសីនិងជញ្ជាំងបាំងក្តារ។ជាមួយនោះក៏មានស្រូវចំនួន៤០បេ-ម៉ាស៊ីនកាត់ស្មៅ១គ្រឿង-ប្លង់ដី៤ប្លង់-អត្តសញ្ញាណប័ណ្ណ​២សន្លឹក-កាតគ្រីម៉ូតូ១សន្លឹក-ទូរសព្ទ១គ្រឿងនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត​ត្រូវភ្លើងឆេះអស់ទាំងស្រុង តែមិនមានប៉ះពាល់គ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។

មន្ត្រីដដែលបានបន្តថា អគ្គិភ័យឆាបឆេះផ្ទះនោះបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើងសូឡា ហើយក៏មានសាំងមួយប៊ីដុង៣០លីត្រនៅក្បែរនោះផងទើបបណ្ដាលឱ្យឆេះយ៉ាងលឿន។ដោយស្ថិតក្នុងស្ថានភាពផ្លូវលំបាកហើយនៅឆ្ងាយដាច់ស្រយាលផងនោះ ទើបរថយន្តពន្លត់អគ្គិភ័យមិនអាចទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ឡើយ៕ដោយ៖វិចិត្រ