សន្ដិសុខសង្គម

បញ្ជូនប្រពន្ធនិងបុរសជាឃាតក ស៊ីឈ្នួលសម្លាប់ប្តីទៅតុលាការ

កណ្តាល៖សមត្ថកិច្ចស្រាវជ្រាវចាប់បាន២នាក់គឺជាប្រពន្ធនិងឃាតកស៊ីឈ្នួលសម្លាប់ប្តី ដោយ លើកហេតុផលថាដើរលេងចោលផ្ទះ២-៣ថ្ងៃទើបមកម្តង តែត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់ពីប្រទះឃើញសពមន្ត្រីធនាគារឯកជនម្នាក់ឈ្មោះខឹម ផល្លី មានស្នាមរបួស ពេញខ្លួននិងចងដៃចងជើងយកមកទម្លាក់ចោលក្នុងប្រឡាយទឹកវរៈ៥ នៅភូមិព្រែកដូង ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៤មករា។

ក្រោយមានហេតុការណ៍ លោកស្នងការនគរបាលខេត្តបានបញ្ជាឱ្យបើកការស្រាវជ្រាវជាបន្ទាន់ ដោយសហការជាមួយនគរបាលភ្នំពេញនិងនគរបាលស្រុកកៀនស្វាយ។ថ្ងៃទី១៥ ខែមករា ជំនាញបានឈានដល់ចាប់ជនសង្ស័យ២នាក់ ឈ្មោះសាន់ ធីតា អាយុ៣១ឆ្នាំ មុខរបរអ៊ុតសក់ ជាប្រពន្ធអ្នកស្លាប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ឈ្មោះ ធួក រ៉ាវី ហៅជា ភេទប្រុស អាយុ៣៣ឆ្នាំ ជាឃាតក អ្នកបើករថយន្តក្រឡុកស៊ីម៉ងត៍នៅភូមិសំបួរ ខណ្ឌដង្កោ។

ក្រោយឃាត់ខ្លួនស្ត្រីជាប្រពន្ធបានសារភាពថា នាងបានរៀបគម្រោងសម្លាប់ប្តី ព្រោះតែខឹងប្តី ដើរលេងចោលផ្ទះ២-៣ថ្ងៃទើបចូលផ្ទះម្តង។ពេលចូលផ្ទះយប់ជ្រៅ ហើយថែមទាំងរករឿងវាយ នាងរហូត ទើបនាងជួលឈ្មោះ ធួក រ៉ាវី រួមគ្នាសម្លាប់ក្នុងតម្លៃ១ពាន់ដុល្លារ ដោយឆក់នឹងខ្សែភ្លើង ខណៈជនរងគ្រោះកំពុងដេក។ពេលសម្លាប់រួចដាក់ចូលក្នុងរថយន្តម៉ាកToyota Camry ពណ៌សផ្លាកលេខ ភ្នំពេញ 2BP-1150 ផ្នែកកៅអីខាងក្រោយយកទៅបោះចោលក្នុងប្រឡាយមួយ។

បន្ទាប់ពីទទួលចម្លើយ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ