សន្ដិសុខសង្គម

នឹងប្រកាសសាលក្រមរឿងប្រុសស្រឡាញ់ប្រុសសម្លាប់គ្នានៅចុងខែមករា

ភ្នំពេញ៖ករណីឃាតកម្មប្រុសស្រឡាញ់ប្រុស ហើយយកខ្សែភ្លើងរឹតកសម្លាប់ដៃគូព្រោះ​ភ្លើងប្រចណ្ឌនោះ ត្រូវតុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣០ ខែមករាខាងមុខ។

តុលាការរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែមករានេះ បានបើកសវនាការក្នុងសំណុំរឿង ឃាតកម្មគិតទុកជាមុន លើជនជាប់ចោទឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ រឿងប្រចណ្ឌស្រឡាញ់ភេទដូចគ្នា។សវនាការនោះត្រូវបានចៅក្រមកំណត់យកម៉ោង ៩:៣០ព្រឹកថ្ងៃទី៣០ ខែមករាខាងមុខដើម្បីប្រកាសសាលក្រម។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ មានឃាតកម្មមួយកើតឡើងនៅបន្ទប់ជួល​មួយក្នុងខណ្ឌមានជ័យ បង្កឡើងដោយជនល្មើសបានសម្លាប់ជនរងគ្រោះឈ្មោះខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ។

នៅថ្ងៃទី២៨ ខែមេសា កម្លាំងនាយកដ្ឋាននគបាលព្រហ្មទណ្ឌបានសហការជាមួយនគរបាល​រាជធានីភ្នំពេញ​និងនគរបាលខេត្តព្រះវិហារ បានចាប់ជនសង្ស័យពាក់ព័ន្ធក្នុងករណីឃាតកម្មនេះឈ្មោះ ភូ សៀងឡាង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យកមកសាកសួរ។

ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២៤ ខែមេសា ខ្លួនបានសម្លាប់ឈ្មោះខុម វ៉ាន់ឌី ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឱ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយក៏យកខ្សែភ្លើងរឹតកសម្លាប់តែម្តង។

ជនសង្ស័យបានបន្តថា ក្រោយពីសម្លាប់រួច ខ្លួនបានយកទូរសព្ទនិងម៉ូតូម៉ាកហុងដាសេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សម្ភារដកហូតទូរសព្ទ១ គ្រឿងរបស់ជនរងគ្រោះ៕ដោយ៖វិចិត្រ