អន្តរជាតិ

ត្រីបាឡែនមួយក្បាលងាប់លើឆ្នេរសមុទ្ររដ្ឋ New Jersey អាម៉េរិកសង្ស័យត្រូវបានវាយប្រហារដោយនាវា

ត្រីបាឡែនដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញងាប់លើឆ្នេរសមុទ្ររដ្ឋ New Jersey សហរដ្ឋអាម៉េរិក ដោយសង្ស័យថាត្រូវបានវាយប្រហារដោយនាវា។

បើតាមមជ្ឈមណ្ឌល Stranding Mammal សមុទ្ររបស់អាម៉េរិកបាននិយាយកាលពីថ្ងៃអាទិត្យ ទាក់ទងលទ្ធផលជាបឋមនៃការវះកាត់ត្រីបាឡែន humpback ដើម្បីរកមូលហេតុស្លាប់ បន្ទាប់ពីបានប្រទះឃើញទើបងាប់លើឆ្នេរសមុទ្ររដ្ឋញូជើស៊ី ត្រង់តំបន់ North End Natural Area កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា សត្វនេះពិតជាមាន “របួសស្នាមច្បាស់ៗ ដូចជាអាវុធដែលជារបស់នាវា”។ មជ្ឈមណ្ឌលបានបន្តនៅក្នុង  សេចក្តីថ្លែងការណ៍ថា “ចំណុចរងគ្រោះ និងការហូរឈាមត្រូវបានគេសង្កេតឃើញនៅលើក្បាល និងតំបន់ទ្រនុងខ្នងក៏ដូចជានៅផ្នែកខាងស្តាំ និងព្រុយ” ។ “ការរកឃើញទាំងនេះនឹងត្រូវបានបញ្ជាក់តាមរយៈការវិភាគពីមន្ទីរពិសោធន៍​ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះជាផ្លូវការ”។

ត្រីបាឡែននេះគឺជាញី មានប្រវែង ៣២ ហ្វីត និង ៧ អ៊ីញ ស្មើនឹងជិត១០ម៉ែត្រ និងមានទម្ងន់ប្រហែល ១២ តោន។ ស្ថិតក្នុងការវះកាត់ ត្រីបាឡែនកម្រប្រភេទនេះ​ហាក់ដូចជាទើបតែដើររកស៊ីថ្មីៗ មានសារពាង្គកាយមាំមួន មិនមានជំងឺអ្វីនោះទេ ដោយមជ្ឈមណ្ឌលនិយាយថា ក្រពះរបស់វាគឺពោរពេញដោយកូនត្រីស្រស់ៗ។

ជុំវិញការបាត់បង់ជីវិតជីវៈសមុទ្រនេះ មជ្ឈមណ្ឌលបាននិយាយថា នឹងចាត់វិធានការតាមច្បាប់ ព្រោះការវាយប្រហារតាមនាវា ឬការជាប់ពាក់ព័ន្ធក្នុងឧបករណ៍នេសាទផ្សេងៗលើគ្រប់អម្បូរត្រីបាឡែន គឺជាការគំរាមកំហែង និងខុសច្បាប់ដ៏ធំបំផុត៕

ប្រភព៖ THE HILL

ប្រភពរូប៖THE HILL
ប្រែសម្រួល៖សុខ តុលា