អន្តរជាតិ

ចក្រភពអង់គ្លេសនឹងបញ្ជូនរថក្រោះប្រយុទ្ធ ១៤ គ្រឿង និងកាំភ្លើងធំបន្ថែមទៅកាន់អ៊ុយក្រែន

ចក្រភពអង់គ្លេសដែលជាសមាជិកមួយរបស់អង្គការណាតូ បានសន្យាថានឹងបញ្ជូន  រថក្រោះប្រយុទ្ធ​ជាច្រើនគ្រឿង ព្រមទាំងកាំភ្លើងធំបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈប៉ុន្មានសប្តាហ៍ទៀត​ប៉ុណ្ណោះ​វានឹងទៅដល់ដៃអ៊ុយក្រែនហើយ។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍មួយ​កាលពីចុងសប្តាហ៍កន្លងទៅនេះថា កងអនុសេនាធំនៃរថក្រោះ Challenger ២ ចំនួន ១៤ គ្រឿង រួមជាមួយកាំភ្លើងធំស្វ័យប្រវត្តិ AS90 ប្រហែល ៣០ គ្រឿង បញ្ជាដោយមនុស្ស៥ នាក់ នឹងត្រូវចូលក្នុងប្រទេសអ៊ុយក្រែននាប៉ុន្មានសប្តាហ៍ខាងមុខនេះតាមការសន្យា។ ចក្រភពអង់គ្លេសក៏នឹងចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនឱ្យប្រើប្រាស់រថក្រោះនេះ និងកាំភ្លើងឲ្យបានលឿនទាន់គ្នានៅប៉ុន្មានថ្ងៃទៀតផងដែរ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលនាយករដ្ឋមន្រ្តីអង់គ្លេស Sunak “បានគូសបញ្ជាក់អំពីមហិច្ឆតារបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងការគាំទ្រចំពោះអ៊ុយក្រែន រួមទាំងរថក្រោះដែលជាប្រធានបទក្តៅ”។ ចក្រភពអង់គ្លេស គឺជាសមាជិកអង្គការណាតូដំបូងគេ ហើយដែលបានប្រកាសផ្តល់នូវរថក្រោះដល់អ៊ុយក្រែន ទោះបីជារថក្រោះនោះមិនមែនជាប្រភេទខ្លារខិន ឬLEOPARD ដែលអ៊ុយក្រែនចង់បានខ្លាំងក៏ដោយ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា