សន្ដិសុខសង្គម

គ្រូពេទ្យម្នាក់បើករថយន្តបុករះបណ្តាលឱ្យ ស្លាប់២នាក់នៅក្រុងតាខ្មៅ

កណ្តាល៖គ្រូពេទ្យម្នាក់បានបើករថយន្តម៉ាកឡិចស៊ីសបុកម៉ូតូ ហើយបន្ថែមល្បឿនទៅបុករថយន្ត ហាយឡែនឌ័រនិងបន្តបុកម៉ូតូ១គ្រឿងទៀត បណ្តាលឱ្យគ្រូពេទ្យនិងអ្នកជិះម៉ូតូស្លាប់។ គ្រោះថ្នាក់ចរាចរ នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ២១បេ មុខស្ថានីយប្រេង PTT ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៥ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ទាំង២នាក់ឈ្មោះ កែវ សោភ័ណ្ឌ អាយុ៤៥ឆ្នាំ ជាគ្រូពេទ្យ​ នៅភូមិខ្ពបលើ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើករថយន្តបង្ក។ឈ្មោះថាវី វាសនា អាយុ៣៣ឆ្នាំ ជាកងអង្គរក្ស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ បុរសម្នាក់គេអះអាងជាគ្រូពេទ្យ បានបើកបររថយន្តម៉ាកតូយូតា ឡិចស៊ីស ផ្លាកលេខភ្នំពេញ 2AW.9418 ពីត្បូងទៅជើង។មកដល់ច្រកចូលបន្ទាយកងអង្គរក្ស កា១១ បានបុកម៉ូតូដឹកពងទារួចបានបន្ថែមល្បឿនបំណងរត់គេច។

ប្រភពដដែលបានបន្តថា លុះបានចម្ងាយប្រមាណ៣០០ម៉ែត្រក៏បានបុករថយន្តម៉ាកហាយឡែនឌ័រ ផ្លាកលេខបន្ទាយមានជ័យ 2A.8229 ចំពីក្រោយពេញទំហឹង។ពេលនោះរថយន្តក៏បានរេចង្កូតទៅបុក ម៉ូតូមួយគ្រឿងទៀតម៉ាក YAMAHA EXITER ផ្លាកលេខ ភ្នំពេញ 1JH.8175 បើកបរដោយឈ្មោះ ថាវី វាសនា មកពីមុខបណ្តាលឱ្យខាងម៉ូតូស្លាប់និងអ្នកបើកបររថយន្តបង្កក៏ស្លាប់ដែរ។

ក្រោយកើតហេតុ កម្លាំងនគរបាលក្រុងតាខ្មៅ បានយករថយន្តទាំង២គ្រឿងនិងម៉ូតូ២គ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ