សន្ដិសុខសង្គម

ចាប់ជនសង្ស័យ៧នាក់ក្លែងធ្វើជាសង្ឃ និងអ្នកបើកបររថយន្ត

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចាប់ជនសង្ស័យ៧នាក់ គ្រងស្បង់ចីវរដើរបិណ្ឌបាតក្លែងបន្លំ ធ្វើជាសង្ឃនិងអ្នកបើកបររថយន្តម្នាក់។ករណីនេះបានកើតឡើងនៅតាមផ្លូវតាកន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៣ ខែមករា។


មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់មានឈ្មោះ ជៀវ តាក់-ឈ្មោះសៀន ម៉ូវ -ឈ្មោះ ខាត់ទិត្យ-ឈ្មោះឈិន មិនា-ឈ្មោះញិន គឹម-ឈ្មោះញិន សុខជាតិ-ឈ្មោះ ផាន់ ប៊ុននុត-និងឈ្មោះ គិន ប៉ាវ ជាអ្នកបើករថយន្ត។ពួកគេមានអាយុពី១៤ដល់៥៧ឆ្នាំ នៅស្រុកដងទង់ខេត្តកំពត និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានដកហូតរថយន្តម៉ាកឡិចស៊ីសផ្លាកលេខ ភ្នំពេញ 2J-9003 -ស្បង់ចីវរ-បាត្រលោក ឆ័ត្រចំនួន៧ឈុត និងសម្ភារមួយចំនួនទៀត។មុនចាប់ខ្លួន អ្នកដំណើរបានឃើញជនសង្ស័យមួយក្រុម ធ្វើដំណើរតាមរថយន្តកំពុងបើកបរដែលមនុស្សនៅក្នុងរថយន្តនោះបាននាំគ្នាផ្លាស់ប្តូរខោអាវស្បង់ចីវរបណ្តើរខ្លះស្លៀកខោក្នុងតែមានគ្រងចីវរ។
ពលរដ្ឋបានប្រាប់សមត្ថកិច្ច ហើយក៏ដេញតាមឃាត់រថយន្ត ទើបដឹងថាក្រុមនេះក្លែងធ្វើជា សង្ឃបន្លំដើរបិណ្ឌបាតរកលុយកាក់ សម្ភារដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបន្លំធ្វើជាព្រះសង្ឃ នគរបាលខណ្ឌពោធិ៍សែនជ័យ ជាមួយមន្ទីរធម្មការនិង សាសនាយកមកអនុវត្តតាមនីតិវិធី៕ដោយ៖វិចិត្រ