អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់នឹងជួបគ្នានៅសប្តាហ៍ក្រោយ

ដោយឡែករដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអ៊ីរ៉ង់ត្រូវបានគេដឹងថា ក៏នឹងជួបគ្នាផងដែរនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាពីបញ្ហាប្រឈមផ្សេងៗនៅមជ្ឃិមបូព៌ា។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅ​ចុងសប្តាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នឹងធ្វើដំណើរទស្សនកិច្ច​មកកាន់ទីក្រុងមូស្គូនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីជួបជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov។ អ្នកទាំងពីរនឹងពិភាក្សាគ្នាអំពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងតំបន់ Caucasusសមុទ្រខ្មៅ ពិសេសក៏នឹងពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។

តាមការដកស្រង់របស់ទីភ្នាក់ងារសារព័ត៌មាន Tass លោកស្រី Zakharova បាននិយាយដោយខ្លីថា “កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅឯវេទិកាអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ”។

គួរសង្កេតថា ចាប់តាំងពីមានសង្រ្គាមនៅអ៊ុយក្រែនមក អ៊ីរ៉ង់និង​រុស្ស៊ី​កាន់តែ​ជិតស្និទ្ធនឹងគ្នាណាស់ ខណៈដែលទីក្រុងតេអេរ៉ង់បានរងការចោទប្រកាន់ និងរងទណ្ឌកម្មពីលោកខាងលិចដោយសារ​ការគាំទ្រទីក្រុងមូស្គូជាមួយនឹងយន្តហោះគ្មានមនុស្សបើក៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា