អន្តរជាតិ

ជប៉ុន​នឹងសាង​សង់​មូលដ្ឋាន​ទ័ព​ថ្មី​នៅ​ជិត​កោះ​តៃវ៉ាន់ ត្រៀមករណីមានសង្រ្គាម​ជាមួយ​ចិន

ប្រទេសជប៉ុននិយាយថា ខ្លួនកំពុងបង្កើតមូលដ្ឋានយោធានៅជិតកោះតៃវ៉ាន់ថ្មី ដើម្បីត្រៀមខ្លួនប្រយុទ្ធ និងចូលរួមអន្តរប្រតិបត្តិការរវាងកងកម្លាំងឆ្លើយតបក្នុងករណីមានសង្រ្គាមបង្កឡើងដោយប្រទេសចិន។

យោងតាមកាសែត Washington Post បានឲ្យដឹងពីសេចក្តីរាយការណ៍នេះចេញនៅថ្ងៃសុក្រ ទី១៣ មករា ឆ្នាំ២០២៣។ ក្នុងនោះបាននិយាយថា ជប៉ុនបាននិងកំពុងពង្រីកទ្រព្យសម្បត្តិយោធានៅលើ​ខ្សែសង្វាក់​កោះ Yaeyama ខណៈមូលដ្ឋានទ័ពថ្មីកំពុងត្រូវបានគេសាងសង់នៅរវាងកោះ Yonaguni និង Ishigaki ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីឆ្នេរខាងកើតរបស់តៃវ៉ាន់។ មេដឹកនាំរបស់ប្រទេសជប៉ុនបានបញ្ជាក់យ៉ាង​ច្បាស់​ថា ការរក្សាស្ថានភាពដដែលនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងការត្រៀមខ្លួនដើម្បីជួយក្នុងវិស័យ​ការពារជាតិ​តៃវ៉ាន់ គឺជាទិដ្ឋភាពសំខាន់មួយនៃគោលនយោបាយការពារជាតិរបស់ជប៉ុន។

កាលពីខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ ប្រទេសជប៉ុនបានប្រកាសពីកញ្ចប់ថវិកាការពារជាតិ​ដ៏ច្រើនសម្បើមមិនធ្លាប់មាន និងបានរៀបចំរចនាសម្ព័ន្ធកងកម្លាំងស្វ័យការពាររបស់ខ្លួន ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើងសម្រាប់ឧបទ្ទវហេតុយោធាណាមួយនៅក្នុងតំបន់បង្កឡើងដោយប្រទេសចិន។ ក្រៅតែពីនេះ នៅដើមឆ្នាំ ២០២៣ ទីក្រុងតូក្យូបានខំខ្នះខ្នែងផ្សារភ្ជាប់សម្ព័ន្ធភាពយោធា​គួរឲ្យកត់សម្គាល់ជាមួយសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស បារាំង និងកាណាដា យល់ព្រមឲ្យមានកិច្ច​ព្រមព្រៀងការពារជាតិប្រទេសនិងប្រទេស បើកចំហរាល់ការធ្វើចរាចរយោធាតាមផ្លូវគោក ដែនទឹក និងអាកាស។ ដូចបានជម្រាបរួចហើយ ចិនមិនសប្បាយចិត្តទេចំពោះដំណឹងទាំងនេះ អ្នកការទូតលោក Wangwenbin បាននិយាយថា ដែនទឹកឥណ្ឌូប៉ាស៊ីហ្វិកមិនមែនជាកន្លែងលេងហ្គេមនយោបាយទេ ចិនក៏មិនមែនជាភាគីបង្កហេតុដែរ៕

ប្រភព៖ Taiwannews

ប្រភពរូប៖Taiwannews
ប្រែសម្រួល៖សុខ តុលា