សន្ដិសុខសង្គម

អគ្គិភ័យឆាប​ឆេះផ្សារពួក បំផ្លាញតូបអស់ចំនួន៦ និងសម្ភារជាច្រើន

សៀមរាប៖អគ្គិភ័យឆាបឆេះផ្សារពួក ដោយបានបំផ្លាញតូបលក់ដូរអស់ចំនួន៦និងសម្ភារជាច្រើនទៀត នៅភូមិចំបក់ហែរ ស្រុកពួក ខេត្តសៀមរាប កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យបានឆាបឆេះផ្សារពួកដែលស្ថិតនៅទីតាំងខាងលើបានបង្ក​ការខូចខាតតូប​លក់ដូរចំនួន៦អស់ទាំងស្រុង និងសម្ភារជាច្រើនទៀត។ស្ត្រីរងគ្រោះជាម្ចាស់តូប​ឈ្មោះលឿម ស្រីលឹក-​ឈ្មោះធឿងម៉ាឡា- ឈ្មោះមោះធឿង-ឈ្មោះឡុង បឿត-ឈ្មោះ និវគិមសួរ និងឈ្មោះដាំ សុទ្ឋារស់។តូបពួកគាត់លក់ចាប់ហួយ-បន្លែ និងអ៊ុតសក់។

ពេលភ្លើងកំពុងឆេះ នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានចេញរថយន្តជួយអន្តរាគមន៍បាញ់ទឹក​អស់ចំនួន៩រថយន្តទើបភ្លើងរលត់ទៅវិញនៅយប់ថ្ងៃដដែល។ប៉ុន្តែក្នុងហេតុការណ៍ខាងលើនោះ​មិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ហើយក៏មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយដែរ ដោយសមត្ថកិច្ចកំពុងសាកសួរ។ចំពោះមូលហេតុនៃការឆេះនេះត្រូវបានគេអះអាងថាបណ្តាល​មកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖វិចិត្រ